1 2 3
4 5 6 7

សុគន្ធ និសា ជា​ទូតសុច្ឆន្ទៈ​អង្គការ​លើក​កម្ពស់​ការ​អាន ស៊ីប៉ា

20150212_23a

តារា​ចម្រៀង សុគន្ធ និសា កាន់​សៀវភៅ​ឈរ​មុខ​បណ្ណាល័យ​ចល័ត​របស់​ស៊ីប៉ា។ រូបថត Sipar Cambodia

ភ្នំពេញ: ដៃ​កាន់​សៀវភៅ​ក្នុង​ទឹក​មុខ​បង្កប់​ដោយ​ស្នាម​ញញឹម តារា​ចម្រៀង​រូប​ស្រស់​បែប​ស្រគត់​ស្រគំ​នាង សុគន្ធ និសា ឈរ​ថត​រូប​នៅ​មុខ​រថយន្ត​ជា​បណ្ណាល័យ​ចល័ត ដោយ​មាន​ភ្ជាប់​នូវ​សារ​ប្រកាស​ថា រូប​នាង​បាន​ក្លាយ​ជា​ទូត​សុច្ឆន្ទៈ​របស់​អង្គការ​លើក​កម្ពស់​ការ​អាន​នៅ​ប្រទេស​កម្ពុជា​គឺ ស៊ីប៉ា (Sipar)។

តំណែង​ថ្មី​ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ចការ​ជួយ​សង្គម​របស់​តារា​ចម្រៀង​ស្រី​ផលិតកម្ម​ថោន រូប​នេះ គឺ​ដើម្បី​រួម​ចំណែក​លុប​បំបាត់​នូវ​អនក្ខរភាព​រួម​ទាំង​ការ​ចូល​រួម​ជួយ​ផ្សព្វ​ផ្សាយ​អំពី​សារ​ប្រយោជន៍​នៃ​ការ​អាន​សៀវភៅ​នៅ​ប្រទេស​កម្ពុជា។

តារា​ចម្រៀង​​​សុគន្ធ និសា​​។

តារា​ចម្រៀង​​​សុគន្ធ និសា​​។ ឈឹម ស្រីនាង

បន្ទាប់​ពី​ទទួល​បាន​យល់​ព្រម​ធ្វើ​ជា​ទូតសុច្ឆន្ទៈ​របស់​អង្គការ​ខាង​លើ​មក​នោះ សុគន្ធ និសា ក៏​បាន​សរសេរ​សារ​បង្ហោះ​ពី​អារម្មណ៍​រីករាយ​នៅ​លើ​គេហទំព័រ​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​នាម Sokun nisa ដែល​មាន​អ្នក Like ​ជាង ២៥ ម៉ឺន​នាក់​ផង​ដែរ។

តារា​ស្រី​មាន​កំណើត​មក​ពី ខេត្ត​ក្រចេះ រូប​នេះ​បាន​សរសេរ​ថា៖ «ថ្ងៃ​នេះ​ខ្ញុំ​ពិត​ជា​រីករាយ និង​មាន​កិត្តិយស​ណាស់ ដែល​បាន​ក្លាយ​ជា​ទូត​សុច្ឆន្ទៈ​របស់​អង្គការ​ស៊ីប៉ា។ ខ្ញុំ​ពិត​ជា​សង្ឃឹម​ថា​នឹង​អាច​លើក​កម្ពស់​វិស័យ​អប់រំ​តាម​រយៈ​ការ​អាន​ជូន​ទៅ​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ​ទាំង​អស់»។

រីឯ​គេហទំព័រ​ហ្វេសប៊ុក​របស់​អង្គការ​លើក​កម្ពស់​ការ​អាន​សៀវភៅ​ហៅ​ថា​ស៊ីប៉ា នោះ ក៏​បាន​សរសេរ​ដែរ​អំពី​សារ​នៃ​ការ​យល់​ព្រម​ប្រគល់​តំណែង និង​ទទួល​យក​តារា​ចម្រៀង​ស្រី​ដ៏​ស្រស់​ស្អាត​ល្បី​ឈ្មោះ​រូប​នេះ​ធ្វើ​ជា​ទូតសុច្ឆន្ទៈ​របស់​ស្ថាប័ន​ខ្លួន​ផង​ដែរ។

សារ​នោះ​សរសេរ​ថា៖ «ក្នុង​នាម​តួអង្គ​សំខាន់​ជួយ​អភិវឌ្ឍ​ការ​អាន​នៅ​កម្ពុជា​ជាង ២០​ឆ្នាំ កន្លង​មក អង្គការ​ស៊ីប៉ា មាន​កិត្តិយស​ដែល​បាន​តារា​ចម្រៀង និង សម្ដែង សុគន្ធ និសា យល់​ព្រម​ធ្វើ​ជា​ទូត​សុច្ឆន្ទៈ​របស់​អង្គការ ចាប់​ពី​ថ្ងៃ​នេះ​ត​ទៅ»។

អង្គការ​ស៊ីប៉ា ក៏​បញ្ជាក់​ក្នុង​គេហទំព័រ​ខាង​លើ​ដែរ​ថា អង្គការ​ជឿ​ជាក់​ថា ក្នុង​នាម​ជា​ទូត​សុច្ឆន្ទៈ កញ្ញា សុគន្ធ និសា នឹង​ជួយ​ធ្វើ​កិច្ចការ​ផ្សព្វ​ផ្សាយ​លើក​កម្ពស់​ការ​អាន និង​ការ​បោះពុម្ព​ផ្សាយ​ជា​សៀវភៅ​ភាសា​ខ្មែរ​នៅ​កម្ពុជា​យើង​ឲ្យ​រឹត​តែ​មាន​ចំនួន​កើន​ឡើង​មួយ​កម្រិត​ទៀត​ជា​មិន​ខាន​ឡើយ​នា​ពេល​ខាង​មុខ​នេះ»៕

ប្រភព៖ postkhmer

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS