1 2 3
4 5 6 7

នី មុនីនាថ គ្រោង​រៀបការ​ដោយ​មិន​បាច់​ភ្ជាប់​ពាក្យ

150130_28b

តារា​សម្ដែង​នាង នី មុនីនាថ​​។ ហុង មិនា

ភ្នំពេញ: ​​ជាមួយ​វត្តមាន​សង្សារ​បណ្តើរ​ទៅ​ចូល​រួម​ពិធី​កាត់​ចំណង​ដៃ​តារា​ចម្រៀង​ ឆ័យលី ដា​ឡែន នៅ​កោះ​ពេជ្រ នារាត្រី​ថ្ងៃ​ទី​២៣ ខែ​មករា​រំលង​ថ្មីៗ ​តារា​សម្តែង​ជាប់​ងារប៉ិន​បង្ហូរ​​ទឹក​ភ្នែក​កញ្ញា នី មុនីនាថ ​ហាក់ចង់​បង្ហាញ​មហាជន​ថា​នាង​​បាន​បើក​​បេះដូង​​ស្វាគមន៍​បុរស​អាណិកជន​ខ្មែរ​​អាមេរិក​រូប​នោះ​ហើយ​។

ទម្លាយ​អាថ៌កំបាំង​ស្នេហ៍​​ដែល​ឈាន​ដល់​ការ​​បណ្តើរ​​គ្នា​ដូច​លលក​ញី​ឈ្មោល​បង្កការ​ភ្ញាក់​ផ្អើល​​ពេញ​កោះពេជ្រ​នោះ ម្តាយ​របស់​កញ្ញា នី​ មុនីនាថ បាន​ប្រាប់​ថា ពួក​គេ​កំពុង​សិក្សា​ចិត្ត​គ្នា តែ​មិន​មាន​គម្រោង​ភ្ជាប់​ពាក្យ​ទេ គឺ​ចាំ​ដាក់​ថ្ងៃ​ចូល​រោងការ​តែ​ម្តង។

មុនីនាថ និង​បុរស​អាណិកជនក្នុង​ពិធីកាត់ចំណង​ដៃ ឆ័យលី ដាឡែន​​​។

មុនីនាថ និង​បុរស​អាណិកជនក្នុង​ពិធីកាត់ចំណង​ដៃ ឆ័យលី ដាឡែន​​​។ រូបថត សហ​ការី

តារា​សម្តែង នី មុនីនាថ ដែល​បង្ហាញ​ភាព​ក្លាហាន​ហ៊ាន​បណ្តើរ​សង្សារ​ដោយ​បើក​ចំហ​ទៅ​ចូល​រួម​ពិធីកាត់​ចំណង​ដៃ​ប្រជុំ​ដោយ​តារា​ភ្លូក​ទឹក​ភ្លូក​ដី​​ ក៏​ត្រូវ​បាន​មជ្ឈ​ដ្ឋាន​ជាច្រើន​បង្ហើរ​ពាក្យ​អេចអូច​ថា៖​ «នី មុនីនាថ​ ​បណ្តើរ​កំលោះ​សង្ហា ​មុខ​ស្រស់​ ដែល​ជា​សង្សារ​ទៅ​ចូល​រួម​ពិធី​កាត់​ចំណង​ដៃ ឆ័យលី ដាឡែន ដើម្បី​បង្អួត​គេ​ឯង​ ជា​ពិសេស​ចង់​បញ្ឈឺ​អតីត​គូស្នេហ៍​​លោក កែវ កុសល ដែល​ទើប​នឹង​ភ្ជាប់​ពាក្យ​ជាមួយ​ស្រី​ថ្មី និង​បណ្តើរ​គូ​ដណ្តឹង​ស្រី​ទៅ​ចូលរួម​ពិធី​នោះ​ដែរ»។

ទោះ​ជា​មាន​ការ​យល់​ឃើញ​​អវិជ្ជមាន​ដូច្នេះ​​ក្តី ​ក៏​កាយ​វិការ ​​ទឹក​មុខ ​និង​ស្នាម​ញញឹម​បិទ​មាត់​មិន​​ជិត​របស់​ នី មុនីនាថ ហាក់​បញ្ជាក់​​ថា​ នាង​គ្មាន​ជំងឺ​ស្នេហា​គ្រាំគ្រា​បេះដូង​​ដូច​គេ​បាន​លើក​ឡើង​នោះ​ឡើយ​។ ​​បុរស​មាឌ​មាំ​ដែល​នាង​​បណ្តើរ​​មិន​ត្រូវ​បាន​គេ​ស្គាល់​សាវតារ​លម្អិត​​ទេ ខណៈ​ នី មុនីនាថ ក៏​បាន​ព្យាយាម​គេច​ចេញ​ពី​អ្នក​កាសែត​ដែរ។ ប៉ុន្តែ​មាន​អ្នក​សិល្បៈខ្លះ​បង្ហើប​ថា បុរស​នោះ​ជា​អាណិក​ជន​នៅ​សហរដ្ឋ​អាមេរិក និង​ជា​សង្សារ​របស់​កញ្ញា នី មុនីនាថ។

ឆ្លើយតប​នឹង​សំណួរ​ថា​អ្នក​ទាំង​ពីរ​ពិត​ជា​គូស្នេហ៍​នឹង​គ្នា​មែន​ឬ? អ្នក​ស្រី សុភាលី ជា​ម្ដាយ និង​ជា​អ្នក​នាំ​ពាក្យ​ឲ្យ​តារា​សម្ដែង នី មុនីនាថ ហាក់​អេះអុញ​ក្នុង​ការ​បក​ស្រាយ ដោយ​អ្នក​ស្រី​​ប្រាប់​ថា៖ «មាន​​ឯ​ណា​​។ គាត់​ជា​មិត្ត​ភក្ដិ​ធម្មតា។ នាថ បណ្តើរ​ទៅ​ចូល​រួម​ពិធី​កាត់​ចំណង​ដៃ ដាឡែន នោះ​ឲ្យ​បាន​ជា​គ្នា​ហ្នឹង ឲ្យ​តែ​បណ្តើរ​ប្រុស ​គិតថា​ជា​សង្សារ​ទាំង​អស់​តែ​ម្តង​»។

ប៉ុន្តែ​ទំនង​ជា​នឹក​ដល់​ពាក្យ​ចាស់​ថា «​ក្រដាស​មិន​អាច​ខ្ចប់​ភ្លើង» បាន​ទើប​អ្នក​ស្រី​បែរ​​ជាថ្លែង​​ទទួល​​ស្គាល់​ថា​៖​ «​ការ​ពិត​ទៅ អានាថ និង​បុរស​ម្នាក់​នោះ គេ​កំពុង​សិក្សា​ចិត្ត​គ្នា។ តែ​មិន​​ទាន់​ដឹង​ថា​ទៅ​ថ្ងៃ​មុខ​ទៅ​ជា​យ៉ាង​ម៉េច​នឹង​គ្នាទេ​?»។

អ្នក​ស្រី សុភាលី បញ្ជាក់​ថា៖ «កូន​ខ្ញុំ និង​បុរស​អាណិកជន​ខ្មែរ​អាមេរិក​នោះ គាត់​ស្គាល់​គ្នា​យូរ​ហើយ និង​​បាន​សិក្សា​ចិត្តគ្នា​យូរ​ហើយ​ដែរ។ ពី​មុន​មក​ខ្ញុំ​តែង​បង្ហើប​ដែរ​ថា កូន​ខ្ញុំ​មាន​ម្ចាស់​ចិត្ត​ហើយ តែ​គេ​មិន​ជឿ​ថា​ខ្ញុំ​ចេះ​តែ​និយាយ»។

អ្នក​ស្រី​បរិយាយ​ពី​ទំនាក់​ទំនង​កូន​ស្រី​ខ្លួន និង​បុរស​អាណិកជន​អាមេរិក​ថា​ បាន​រាប់អាន​មើល​ចិត្ត​គ្នា​តាំង​ពី​យូរ​ហើយ អំឡុង​ពេល​ដែល​ពិភព​សិល្បៈ​កាល​នោះ​ល្បី​ថា នី មុនីនាថ កំពុង​តែ​បង្កាត់​ភ្លើង​ស្នេហ៍​ជាមួយ​លោក កែវ កុសល រហូត​ដល់​ដំណឹង​នេះ​រសាយ​ក្រោយ​ពី​លោក​ភ្ជាប់​ពាក្យ​នឹង​នារី​ផ្សេង​ទៀត​​នោះ។

ថ្លែង​ពី​អនាគត​កូន​ប្រសា អ្នក​ស្រី​មិន​បាន​ប្រាប់​ឡើយ ថា​បុរស​នោះ​ឈ្មោះ​អ្វី មាន​មុខ​របរ​អ្វី​នៅ​អាមេរិក​នោះ​ទេ ក្រៅពី​ប្រាប់​ថា៖ «គាត់​នៅ​អាមេរិក មានវ័យ​៤០​ឆ្នាំ ជា​អ្នក​មាន​កំណើត​នៅ​ខេត្ត​បាត់ដំបង»។

នៅ​ពេល​ដែល​ចោទ​សួរ​ថា ក្នុង​ដៃ​ទាំង​ នី មុនីនាថ និង​ដៃ បុរស នោះ​ឃើញ​​មាន​ពាក់​ចិញ្ចៀន​ដូច​គ្នា តើ​ពួក​គេ​បាន​ភ្ជាប់​ពាក្យ​ជាមួយ​គ្នា​ស្ងាត់ៗ​មែន​ទេ? អ្នកស្រី សុភាលី ឆ្លើយ​ដោយ​សម្ដី​ម៉ឺងម៉ាត់​ថា៖ «មិន​មាន​គម្រោង​ភ្ជាប់​ពាក្យ​ទេ បើ​មើល​ទៅ​ថា ល្អ​ហើយ​នោះ នឹង​ដាក់​ថ្ងៃ​រៀបការ​តែម្តង​។ តែ​សម្រាប់​​ថ្ងៃ​នោះ​ចាំ​ជិត​ដល់​ចាំ​ប្រាប់​ព័ត៌មាន​ឲ្យ​ដឹង»៕

ប្រភព៖ postkhmer

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS