1 2 3
4 5 6 7

ប្រេស៊ីល ថ្កោលទោសពួក ISIS ដែលគម្រាមសម្លាប់ ជនជាតិជប៉ុន និង ជម្រិតទារ ប្រាក់លោះ ពីរដ្ឋាភិបាល ២០០លានដុល្លារ

រីយ៉ូ៖ រដ្ឋាភិបាលប្រេស៊ីល នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែមករា ឆ្នាំ២០១៥ បានថ្កោលទោស ចំពោះការចាប់ជម្រិតជនជាតិ ជប៉ុនចំនួនពីរនាក់ ដោយពួកឧទ្ទាមរដ្ឋឥស្លាម (ISIS) និង បានគម្រាមសម្លាប់ពួកគេទាំងពីរ ប្រសិនបើរដ្ឋាភិបាលជប៉ុន មិនព្រមយកលុយមក លោះពួកគេទេនោះ។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយបន្តដោយលើកឡើងពីសេចក្តីថ្លែងការណ៍ របស់ ក្រសួងការបរទេសប្រេស៊ីលថា “រដ្ឋាភិបាលប្រេស៊ីល ធ្វើការថ្កោលទោសយ៉ាងខ្លាំងក្លាបំផុត ចំពោះការចាប់ជម្រិត ជនជាតិជប៉ុនចំនួនពីររូប ហើយយើង សង្ឃឹមថាពួកគេទាំងពីរនាក់នោះ នឹងត្រូវដោះលែងក្នុងពេលឆាប់ៗ”។

ក្រៅពីនេះរដ្ឋាភិបាលប្រេស៊ីល ក៏បានសម្តែងនូវសាមគ្គីភាព ជាមួយនឹងក្រុមគ្រួសារជនរង គ្រោះ និង ប្រជាជន ព្រមទាំងរដ្ឋាភិបាលជប៉ុនផងដែរ។

គួរបញ្ជាក់ថា ក្រុម ISIS ប្រកាសតាមខ្សែវីដេអូរបស់ខ្លួន ថាពួកគេបានចាប់ជនជាតិជប៉ុន ចំនួនពីររូប កាលពីថ្ងៃអង្គារ ហើយផ្តល់ពេលឲ្យរដ្ឋាភិបាលជប៉ុនចំនួន ៧២ម៉ោង ត្រូវផ្តល់ លុយ ២០០លានដុល្លារអាមេរិក ជាថ្នូរនឹងអាយុជីវិតរបស់ លោក គែជី ហ្គោតូ និង ហារូណា យូកាវ៉ា។

លោកនាយករដ្ឋមន្ត្រីជប៉ុន ស៊ីហ្សូ អាបេ បាននិយាយថា ជប៉ុននឹងមិនផ្តល់លុយតាមការទាម ទាររបស់ពួក ISIS នោះឡើយ ព្រោះថាសហគមន៍អន្តរជាតិ មិនអាចឱនក្បាលចំពោះភេរវកម្ម ប៉ុន្តែនឹងធ្វើការប្រយុទ្ធប្រឆាំងអំពើភេរវកម្មឲ្យដល់ទីបំផុត៕

ប្រភព៖ ដើមអម្ពិល

© 2019 Khmer Famous. All rights reserved. · Entries RSS · Comments RSS