1 2 3
4 5 6 7

Huawei G7 មក​ដល់​កម្ពុជា​ចុង​ខែ​មករា​ក្នុង​តម្លៃ​ ៣០០ ​ដុល្លារ​

150122_21b

តារា​ចម្រៀង ​មាស សុខសោភា និងស្មាត​ហ្វូន​ថ្មីពី​​ Huawei​​​ G7។

ភ្នំពេញ: ក្រោយ​ពី​ដាក់​តាំង​បង្ហាញ​សមិទ្ធផល​ចុង​ក្រោយ​បំផុត​របស់​ខ្លួន​ដូច​ជា​ស្មាតហ្វូន ឧបករណ៍​បច្ចេកវិទ្យា​បំពាក់​លើ​ខ្លួន ថេប្ល៊ិត និង​គ្រឿង​ដំណើរ​ការ​ក្នុង​គេហដ្ឋាន​ទំនើបៗ​នៅ​ក្នុង​ពិព័រណ៍​អ្នក​ប្រើប្រាស់​ផលិត​ផល​អេឡិចត្រូនិក​ខ្នាត​យក្ស​នៅ​ក្រុង​ឡាសវេហ្គាស​កាលពី​ដើម​ខែ​មករា​មក​នេះ ក្រុមហ៊ុន Huawei ក៏​បាន​រំលេច​នូវ​ស្មាត​ហ្វូន G7 ដែល​នឹង​មក​ដល់​កម្ពុជា​នៅ​ចុង​ខែ​ឆាប់ៗ​នេះ។

លោក រីឆាត យូ អគ្គនាយក​គ្រុប​អាជីវកម្ម Hauwei (BG) បាន​ឲ្យ​ដឹង​ថា៖ «ឆ្នាំ​២០១៤ ពិភពលោក​បាន​ឃើញ​សមិទ្ធផល​ដ៏​អស្ចារ្យ​បំផុត​របស់​យើង​រហូត​មក​ដល់​ពេល​នេះ។ យុទ្ធសាស្ត្រ​របស់​យើង​គឺ​ផ្ដោត​លើ​គុណភាព​ផលិតផល​តាំង​ពី​កម្រិត​មធ្យម​រហូត​ដល់​កម្រិត​កំពូល»។

ជាការ​ពិត​ណាស់ Huawei G7 ជា​ប្រភេទ​ស្មាត​ហ្វូន​ស៊េរី​ចុង​ក្រោយ​ដែល​អាច​ឲ្យ​អ្នក​ប្រើ​ប្រាស់​គ្រប់​ស្រទាប់​វណ្ណៈ​លៃលក​ទិញ​បាន ជាមួយ​នឹង​តម្លៃ​ប្រមាណ​៣០០​ដុល្លារ​ក្នុង​មួយ​គ្រឿង ហើយ​វា​នឹង​មក​ដល់​កម្ពុជា​នៅ​ចុង​ខែ​មករា​។

ទូរស័ព្ទ​ដែល​មាន​ជម្រើស​ស៊ីម​មួយ និង​ស៊ីមពីរ​នេះ​​ត្រូវ​បាន​ក្រុមហ៊ុន​អះអាង​ថា បាន​​នាំ​ចេញ​ច្រើន​ជាង​១​លាន​គ្រឿង​ក្នុង​រយៈ​ពេល​២​ខែ​បន្ទាប់​ពី​ដាក់​សម្ពោធ​នៅ​ពិព័រណ៍​ IFA ក្រុង​ប៊ែរឡាំង ប្រទេស​អាល្លឺម៉ង់ កាលពី​ខែ​កញ្ញា ឆ្នាំ​មុន។

ទាក់ទិន​នឹង​បច្ចេកវិទ្យា​បំពាក់​ក្នុង​ស្មាតហ្វូន​នេះ​វិញ Huawei​ G7 មាន​ទម្ងន់​១៦៥g Ram2G memory 16GB និង​អេក្រង់​ទំហំ​៥,៥​អ៊ិញ។ កាមេរ៉ា​១៣​មេហ្គាភីក​សែល និង​ថ្ម​អាច​កាន់​បាន​រហូត​ដល់​៦០០h។ ការ​រចនា​ខាង​ក្រៅ​ស្ដើង និង​មាន​ជម្រើស​ពណ៌ ស និង​ខ្មៅ។

លោក ឯម យុទ្ធូ ប្រធាន​ជាន់​ខ្ពស់​ផ្នែក​ទីផ្សារ​របស់​ក្រុមហ៊ុន Huawei កម្ពុជា បាន​និយាយ​ថា​៖ «ប្រទេស​កម្ពុជា​នឹង​បំពេញ​តម្រូវ​ការ​និង​ការ​ចង់​បាន​របស់​អ្នក​ប្រើប្រាស់​ទូរស័ព្ទ​កម្រិត​មធ្យម និង​ទាប ជាមួយ​នឹង​​ស៊េរី​ថ្មី និង​ចុង​ក្រោយ​បំផុត​ពី​ទូរស័ព្ទ G7 និង​ម៉ូដែល​ផ្សេងៗ​ទៀត​របស់​ Huawei»។

ថ្លែង​ទាក់ទិន​នឹង​ប្រជាប្រិយភាព​របស់​ស្មាត​ហ្វូន​នេះ លោក​បាន​និយាយ​ទៀត​ថា៖ «ភាព​រឹងមាំ​របស់​ស្លាក​សញ្ញា Huawei បាន​ឡើង​មួយ​កម្រិត​ទៀត ស្ថិត​ក្នុង​ដួង​ចិត្ត​របស់​អ្នក​ប្រើ​ប្រាស់​ភាគ​ច្រើន​តាម​រយៈ​ការ​ណែនាំ​ដោយ​ម្ចាស់​ហាង មិត្ត​ភក្ដិ ញាតិ​សន្ដាន និង​កំពូល​តារា​ចម្រៀង​មាស​ សុខសោភា ជាដើម»៕

ប្រភព៖ postkhmer

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS