1 2 3
4 5 6 7

បបរ​ពង​ទា​កូន​យីហោ​ឆ្ងាញ់​ម៉ែ​អា​ឆ្ងាញ់​ល្បី​នៅ​ផ្សារ​រាត្រី​ខេត្ត​បាត់ដំបង

150120_22e

បបរ​ពង​ទាកូន​​​ល្បីរសជាតិ​ឆ្ងាញ់​នៅ​ខេត្តបាត់ដំបង​។ ឈឹម ស្រីនាង

ភ្នំពេញ: បបរ​ពង​ទា​កូន​ «ឆ្ងាញ់​ម៉ែ​អា​ឆ្ងាញ់​» មួយ​ចាន​៥​ពាន់​រៀល​ត្រូវ​បាន​អ្នក​ខេត្ត និង​អ្នក​ទេសចរ​មក​ពី​ឆ្ងាយ​ល្បី​ថា​ឆ្ងាញ់​មិន​ដាច់​ពី​មាត់​។

តូប​លក់​បបរ​ច្រើន​តែ​បើក​លក់​នៅ​ពេល​ល្ងាច​ក្នុង​បរិវេណ​ផ្សារ​រាត្រី​ ទីក្រុង​បាត់ដំបង ដោយ​មាន​ស្ថាបនិក​វ័យ​ក្មេង​ជា​អ្នក​ច្នៃ​រូបមន្ត​នេះ​ឡើង​។

ទាក់​ទិន​នឹង​ការ​បង្កើត​បបរ​នេះ​ឡើង​លោក សុខ​ សម្បត្តិ​ ដែល​ជា​អ្នក​លក់​បាន​និយាយ​ទាំង​ទឹក​មុខ​អឹម​អៀន​ថា៖ «សម្រាប់​បបរ​ពង​ទា​កូន​នេះ​គឺ​ខ្ញុំ​ចាប់​ផ្តើម​ធ្វើ​លក់​បាន​ប្រហែល​ជា​ពីរ​បី​ខែ​នេះ​ឯង ដោយ​មុន​ដំបូង​គឺ​ខ្ញុំ​គ្រាន់​តែ​សាកល្បង​ច្នៃ​ធ្វើ​ញ៉ាំ​លេង​នៅ​ផ្ទះ​តែ​ប៉ុណ្ណោះ»។

ពន្យល់​ពី​យីហោ​ដ៏​ប្លែក​កញ្ឆក់​អារម្មណ៍​នេះ លោក​បាន​រៀបរាប់​ទៀត​ថា៖ «​ក្រោយ​ពី​ធ្វើ​ញ៉ាំ​លេង​នៅ​ផ្ទះ បន្ទាប់​មក​បង​ប្អូន​ក៏​មាន​គំនិត​ថា​គួរ​តែ​ធ្វើ​លក់​សាក​មើល ហើយ​​ក៏​មាន​ការ​ចូលចិត្ត​គាំទ្រ​ញ៉ាំ​គ្រប់​គ្នា។ ពួកគេ​លាន់​មាត់​ថា​ ឆ្ងាញ់ ទើប​ខ្ញុំ​សម្រេច​ចិត្ត​ដាក់​ឈ្មោះថា បបរ​ពង​ទា​កូន​ឆ្ងាញ់​ម៉ែ​អា​ឆ្ងាញ់ ពីព្រោះ​បបរ​នេះ​គឺមាន​លើក​ដំបូង​​នៅ​ស្រុក​ខ្មែរ​យើង»។

ក្រៅពី​មាន​រសជាតិ​ឆ្ងាញ់​ប្លែក ម្ចាស់​ហាង​ក៏​បាន​លើក​ឡើង​ពីគុណ​ប្រយោជន៍​ផ្នែក​សុខភាព​នៃ​ការ​ទទួល​ទាន​បបរ​ពងទាកូន​នេះ​ផង​ដែរ។

លោក សុខ សម្បត្តិ អះអាង​ថា៖ «​បបរ​នេះ​គឺ​ញ៉ាំ​ទៅ​មាន​សុខ​ភាព​ល្អ គឺ​ខ្ញុំ​ចម្អិន​​ឡើង​ពី​បន្លែ​ស្រស់​ដូចជា​ម្រះ ផ្សិត​ម្ជុល ស្លឹក​បះ ដើម​ខ្ទឹម ប្រមាត់​ដី ដាក់​ស្ងោរ​ជាមួយ​នឹង​ទឹក​ស៊ុប​ធ្វើពី​ពង​ទា​កូន អង្ករ និង​គ្រឿងផ្សំ​ដូចជា​ ម្សៅ​ស៊ុប ស្ករ និង​អំបិល»៕

ប្រភព៖ postkhmer

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS