1 2 3
4 5 6 7

Pacquiao ត្រៀម ខ្លួន​រួច​ជាស្រេច​ដើម្បី​ជួប Mayweather

150116_26

Manny Pacquiao (ស្តាំ) បញ្ជាក់​ថា រូប​គេ​ត្រៀម​ខ្លួន​រួច​ជាស្រេច​ដើម្បី​ជួប Mayweather។ AFP

ក្រុងឡូសអេនជឺលេស: ប្រភព​ព័ត៌មាន​របស់​សហរដ្ឋ​អាមេរិក​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ពុធ​ថា កីឡាករ​ប្រដាល់​ដ៏ឆ្នើម​របស់​ហ្វីលីពីន Manny Pacquiao បាន​ត្រៀម​រៀបចំ​ឲ្យ​មាន​លក្ខខណ្ឌ​ផ្សេងៗ​ដើម្បី​អាច​ឲ្យ​រូប​គេ​ប្រកួត​ជាមួយ​នឹង​កីឡាករ Floyd Mayweather បើ​ទោះបី​កិច្ចព្រមព្រៀង​គ្នា​មួយ​សម្រាប់​ព្រឹត្តិការណ៍​ប្រដាល់​ដ៏កក្រើក និង​ត្រូវ​បាន​ទន្ទឹង​រង់ចាំ​ដ៏យូរអង្វែង​នេះ មិន​ទាន់​ត្រូវ​បាន​បំពេញ​ជា​ផ្លូវការ​ក៏ដោយ​។

លោក Carl Moretti អនុប្រធាន​អង្គភាព​រៀបចំ​ការ​ប្រកួត Top Rank របស់ Pacquiao បាន​ប្រាប់​គេហទំព័រ ESPN.com ថា វា​នៅ​តែ​ត្រូវ​រង់ចាំ​មើល​ថា តើ Mayweather នឹង​យល់ព្រម​ទៅលើ​លក្ខខណ្ឌ​ផ្សេងៗ​សម្រាប់​ការ​ប្រកួត​នា​ថ្ងៃ​ទី​២ ខែ​ឧសភា ក្នុង​ទីក្រុង Las Vegas ឬ​យ៉ាងណា​? លោក Moretti បាន​ប្រាប់​គេហទំព័រ​កីឡា​នេះ​ថា៖ «Top Rank និង Manny បាន​យល់ព្រម​ទៅលើ​លក្ខខណ្ឌ​ផ្សេងៗ​នៅ​ភាគី​ខាង​យើង​។ ខ្ញុំ​មិន​ដឹង​ពី​ភាគី​ម្ខាង​ទៀត​ឡើយ​»។

លោក Bob Arum ប្រធាន​អង់គ្លេស Top Rank បាន​ប្រាប់​គេហទំព័រ Yahoo Sports ថា Pacquiao បាន​យល់ព្រម​ទៅលើ​លក្ខខណ្ឌ​ផ្សេងៗ​សម្រាប់​ការ​ប្រកួត​នេះ ដែល​ជា​ការ​ប្រកួត​មួយ​ដែល​អ្នក​ស្នេហា​វិស័យ​កីឡា​ប្រដាល់​បាន​រង់ចាំ​អស់​ពេល​ជាយូរ​មក​ហើយ​។

ខណៈ​បង្ហើប​ពី​ប្រភព​មិន​ស្គាល់​ឈ្មោះ​មួយ​ទាក់ទង​នឹង​ការ​ចរចា​ផ្សេងៗ ESPN បាន​រាយការណ៍​ថា Pacquiao បាន​យល់ព្រម​ទទួល​យក​ប្រាក់​តម្លៃ​ខ្លួន​៤០​ភាគរយ​ដើម្បី​ធ្វើឲ្យ Mayweather ទទួល​បាន​តម្លៃ​ខ្លួន​៦០​ភាគរយ​នៃ​ការ​ប្រកួត​នេះ​ដែល​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ផ្តល់​ប្រាក់​ចំណេញ​ជា​កំណត់ត្រា​។ បើ​យោង​ទៅ​តាម ESPN កីឡាករ Pacquiao មិន​ត្រឹមតែ​យល់ព្រម​តែ​លើ​ប្រាក់​តម្លៃ​ខ្លួន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ ក៏​យល់​ព្រម​ទៅលើ​ហ្គ្រង់​ដែល​ត្រូវ​ប្រើប្រាស់ និង​ការ​ធ្វើ​តេស្ត​រក​សារធាតុ​ញៀន​ផង​ដែរ​។

ការ​ធ្វើ​តេស្ត​រក​សារធាតុញៀន​គឺជា​បញ្ហា​មួយ​ក្នុង​ចំណោម​បញ្ហា​ផ្សេងៗ​ដែល​បាន​ធ្វើឲ្យ​ការ​រៀបចំ​ប្រកួត​រវាង Pacquiao និង Mayweather ទទួល​បរាជ័យ នៅពេល​ដែល​មាន​ការ​ចរចា​ផ្សេងៗ​កាលពី​ឆ្នាំ​២០០៩ និង​ដើម​ឆ្នាំ​២០១០​។ លោក Moretti បាន​ប្រាប់ ESPN ថា Pacquiao បាន​យល់ព្រម​ធ្វើ​តេស្ត​ដោយ​ភ្នាក់ងារ​ប្រឆាំង​សារធាតុ​ជំនួយ​កម្លាំង​សហរដ្ឋអាមេរិក ដើម្បី​បង្ហាញ​ពី​សញ្ញា​នៃ​ការ​ស្រេកឃ្លាន​ក្នុង​ការ​នាំ​ឲ្យ​មាន​ការ​ប្រកួត​នេះ​។

រាល់​ក្រសែភ្នែក​របស់​ពិភព​កីឡា​ប្រដាល់​សុទ្ធសឹង​បាន​ផ្តោត​ទៅលើ​ការ​ប្រកួត​មួយ​រវាង​កីឡាករ​មិន​ស្គាល់​ចាញ់​របស់​អាមេរិក Mayweather (ឈ្នះ​៤៧​លើក មិន​ធ្លាប់​ចាញ់ និង​ផ្តួល​ដៃគូ​ឲ្យ​សន្លប់​២៦​លើក) និង​ម្ចាស់​ខ្សែក្រវាត់​៨​ប្រភេទ​ទម្ងន់ Pacquiao (ឈ្នះ​៥៧​លើក ចាញ់​៥​លើក និង​ផ្តួល​ដៃគូ​ឲ្យ​សន្លប់​៣៨​លើក) ដែល​សុទ្ធសឹង​ជា​កីឡាករ​ដ៏ឆ្នើម។ ការពិភាក្សា​ផ្សេងៗ​ទៅលើ​ការ​ប្រកួត​ដ៏កក្រើក​នេះ​បាន​ចាប់ផ្តើម​កាលពី​ខែ​ធ្នូ ដែល​នៅពេល​នោះ Mayweather បាន​ស្នើឲ្យ​មាន​ការ​ប្រកួត​នៅ​ថ្ងៃ​ទី​២ ខែ​ឧសភា ឆ្នាំ​២០១៥​។

លោក Sam Watson ដែល​ជា​មនុស្ស​ជិតស្និទ្ធ​នឹង​លោក Al Haymon ទីប្រឹក្សា​របស់ Mayweather បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ដំណាក់កាល​ចុងក្រោយ​កំពុង​តែ​ដំណើរការ ហើយ​ការ​ប្រកាស​ពី​ការ​ប្រកួត​ថ្ងៃ​ទី​២ ខែ​ឧសភា ជិត​មក​ដល់​ហើយ​៕

ប្រភព៖ postkhmer

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS