1 2 3
4 5 6 7

គង់ ច័ន្ទស្រីមុំ បង្ហើប​វេលា​រៀបការ បើ​ជំនួញ​ឆ្លង​ប្រទេស​ជោគជ័យ

150112_28

ភ្នំពេញ: ​ខណៈការ​បង្ហើប​ពី​ពេលា​​ដឹក​ដៃ​​គ្នា​ចូល​រោង​ការ​មិន​​​ឲ្យ​ផុត​ពី​​ឆ្នាំ​២០១៤​របស់​​គូស្នេហ៍​ប្រុស​​ស្អាតស្រី​ស្អាត នាង គង់​ ច័ន្ទស្រីមុំ និង​លោក គឹម សីហា មិន​បាន​រំលេច​រូបរាង​ជាក់​ស្ដែង​នោះ រហូត​មក​ដល់​ដើម​ឆ្នាំ​២០១៥​ស្រី​ស្រស់​​​ស្នេហា​ស្អិតល្មួត​​ច្រើន​ឆ្នាំ​​បាន​លើក​ឡើង​ថា ចាំ​អ៊ុត​លទ្ធផល​ជំនួញ​ថ្មី​សិន​វិញ បើ​ជោគជ័យ​នោះ​នឹង​គិត​ពី​គម្រោង​រៀបការ​ភ្លាម។

តារា​សម្តែង​ម្ចាស់​ពាន​អាណាចក្រតារា​ផ្នែក​ខាង​តារា​ស៊ីវិល័យ​កញ្ញា គង់ ច័ន្ទស្រីមុំ ធ្លាប់​ព្រលយ​ពាក្យ​ថា ​​មង្គល​ការ​នាង​នឹង​កើត​ឡើង លុះ​ត្រា​តែ​នាង​មាន​ផ្ទះ​រស់​នៅ​ផ្ទាល់​ខ្លួន ទើប​នាង​រៀប​ការ។ ប៉ុន្តែ​ក្រោយ​មក​ នាង​ និង​ម្ចាស់​ស្នេហ៍​លោក គឹម សីហា សន្សំ​ប្រាក់​ទិញ​ផ្ទះ​បាន​ហើយ​ក្នុង​តម្លៃ​១៨​ម៉ឺន​ដុល្លារ នៅ​បុរី​៩៩៩​តាំង​ពី​ពាក់​កណ្តាល​ឆ្នាំ​២០១៤​មក​ម្ល៉េះ រីឯ​គម្រោង​ដឹក​ដៃ​គ្នា​ចូល​រោង​ការ​នោះ​នៅ​តែ​ស្ងាត់​ដូច​ចោរ​លួច​សេះ​ដដែល​។

ដោយ​ចងចាំ​នូវ​ពាក្យ​សម្ដី​បែប​ប្រាកដ​ប្រជា​បន្លឺ​ចេញ​ពី​មាត់​របស់​កញ្ញា​ គង់ ច័ន្ទ​ស្រីមុំ​ ផ្ទាល់ ខណៈ​ពេល​នេះ​គេ​ដឹង​ថា នាង​ទទួល​ជោគ​ជ័យ​ទាំង​មុខ​ជំនួញ​ និង​ការងារ​សិល្បៈ​​​ហើយ​នោះ​ ​ក្រុម​អ្នក​តាម​ដាន​សកម្មភាព​សិល្បៈ​ ក៏​ដូចជា​យុវវ័យ​និយម​​គាំទ្រ​នាង បាន​លើក​ឡើង​ថា ស្រី​ស្អាត គង់ ច័ន្ទស្រីមុំ លេប​សម្ដី​ភ្លេច​សន្យា​ខ្លួន ខណៈ​មុន​នោះ នាង​ធ្លាប់​ព្រលយ​ពាក្យ​ជា​ញឹកញយ​ថា ថ្ងៃ​រៀបការ​នឹង​កើត​ឡើង​ទាល់​តែ​មាន​ផ្ទះ​ផ្ទាល់​ខ្លួន​នោះ​។

យ៉ាងណា​តារា​សម្តែង​វ័យ​ជាង​២០​​ឆ្នាំ សម្ផស្ស​ស្បែក​ស​ខ្ចី​ល្វក់​គួរ​ឲ្យ​ក្នាញ់​មហាជន​ក៏​លាន់​មាត់​សរសើរ​​មិន​ដាច់​នោះ នាង​បាន​បញ្ជាក់​ថា​ ខ្លួន​​មិន​មែន​ជា​មនុស្ស​ភ្លេច​សន្យា ចេះ​តែ​បរិយាយ បញ្ឆោត​ការ​តាម​ដាន​របស់​អ្នក​គាំទ្រ​នោះ​ទេ​។

ជា​មួយ​សម្ដី​ទទួល​ស្គាល់​ការ​ពិត​នោះ តារា​សម្ដែង​កញ្ញា​​ គង់ ច័ន្ទស្រីមុំ​ បាន​លើក​ហេតុផល​ថា៖​ «​បាន​ជា​គម្រោង​អាពាហ៍ពិពាហ៍​ មិន​រំលេច​តាម​ការ​បង្ហើប​ឆ្នាំ​មុន​នោះ ព្រោះថា​ពេល​នេះ​ពួក​យើង​បាន​ទុក​ប្រាក់​មួយ​ចំនួន​សម្រាប់​បោះ​ទុន​រក​ស៊ី​ទៅ​ហើយ»​។

តារា​សម្ដែង​ដែល​តែង​បណ្ដើរ​លោក គឹម សីហា ជា​ម្ចាស់​ស្នេហ៍​ទៅ​សឹង​គ្រប់​កម្មវិធី​ក្រោយ​ពីបែក​ធ្លាយ​រូបថត​ស្លៀក​ប៊ីគីនី​ឱប​ថើប​សង្សារ​ក្នុង​ទឹក​សមុទ្រ​នោះ បាន​រៀបរាប់​បន្ត​ទៀត​ថា៖ «​ដូច​ដឹង​ហើយ​ថា​ឆ្នាំ​២០១៥​នេះ ខ្ញុំ​កំពុង​ពង្រីក​​ជំនួញ​បន្ថែម​ពី​ការ​នាំ​ទំនិញ​ពី​ក្រៅ​ប្រទេស​​មក​លក់​ និង​បោះ​ដុំ​ផង ដូច​នេះ​ខ្ញុំ​ត្រូវ​ចំណាយ​ពេល​ច្រើន​គិត​ពី​រឿង​នោះ​សិន បើ​យើង​ខ្ជីខ្ជា​ពេល​វេលា​គិត​រឿង​ផ្សេង​ថា មិន​បាន​មុខ​ជំនួញ​នេះ​នឹង​បរាជ័យ​នាំ​បង់​ប្រាក់​ហើយ​ក៏​ខ្មាស​គេ​ទៀត​ផង​​»។

អម​ជាមួយ​ពាក្យ អះអាង​ថា អាពាហ៍​ពិពាហ៍​ជា​រឿង​ដែល​នាង​ធ្លាប់​គិត​គូរ​ដែរ​នោះ គង់ ច័ន្ទស្រីមុំ ក៏​បាន​បង្ហាញ​អំពី​​តម្រុយ​ដឹក​ដៃ​ម្ចាស់​ស្នេហ៍​លោក គឹម សីហា ចូល​រោងការ​ ក្រាប​ផ្ទឹម​សំពះ​មេបា​តាម​ប្រពៃណី ​ដោយ​នាង​បាន​ត្រឹម​បង្ហើប​ប្រាប់​ដោយ​គ្មាន​កាល​កំណត់​​ថា៖​ «ចំណង​​អាពាហ៍​ពិពាហ៍​របស់​ខ្ញុំ​នឹង​កើត​ឡើង​ឆាប់ៗ​នៅ​ពេល​ខាង​មុខ ខណៈ​ពេល​នេះ​ពួក​យើង​​នៅ​រង់ចាំ​ឲ្យ​មុខ​ជំនួញ​ថ្មី​ដើរ​បន្តិច​សិន»៕

ប្រភព៖ postkhmer

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS