1 2 3
4 5 6 7

សៀវភៅ​ជា​ភាសា​ខ្មែរ​ ១០ ​ក្បាល​ដែល​គេ​និយម​អាន​ជាង​គេ​ក្នុង​ឆ្នាំ​ ២០១៤

1_3

តាម​ទិន្នន័យ​ដែល​បាន​មកពី​បណ្ណាគារ​ល្បីៗ​ប្រចាំ​រាជធានី​ភ្នំពេញ LIFT នាំ​មក​នូវ​សៀវភៅ​១០​ក្បាល ដែល​គេ​និយម​អាន​ជាងគេ​នា​ឆ្នាំ​២០១៤​កន្លងមក។ បណ្ណាគារ​ដែល​យើង​បាន​ទាក់ទង​មាន បណ្ណាគារ អន្តរជាតិ បណ្ណាគារ​សន្តិភាព បណ្ណាគារ​អង្គរធំ និង​បណ្ណាគារ​ប្រជាប្រិយ។ សៀវភៅ​១០​ក្បាល​ដែល​ពេញនិយម​បំផុត​មាន​ដូចជា ៖

1.នាយករដ្ឋមន្ត្រី​ខ្មែរ ៣៦​រូប ជា​នរណា ដោយ

លោក ឆាយ សុផល​ក្នុង​ការ​ផលិត អ្នកនិពន្ធ​បាន​ចងក្រង​សៀវភៅ​នេះ​ដោយ​ប្រើប្រាស់​ឯកសារ​ចំនួន​ជាង​៨០ ជាមួយ​ជំនួយ​ផ្នែក​ខ្លឹមសារ​ពី​លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន លោក ឆាំង យុ ប្រធាន​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា និង​ពី​ព្រះអង្គ​ម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ អតីត​ជំនួយការ​សម្ដេច ព្រះនរោត្តម សីហនុ។

Content image - Phnom Penh Post

2.យុវជន​ឆ្នើម ១១A +១

សៀវភៅ​នេះ​ចងក្រង​ដោយ​ក្រុម​អ្នកកាសែត​អាជីព​មួយ​ក្រុម​ដែល​ធ្វើការ​នៅ អង្គភាព​សារព័ត៌​មាន​អេឡិចត្រូនិក «ថ្មីៗ» ដែល​និយាយ​ពី​ការ​ខិតខំប្រឹងប្រែង​របស់​យុវជន​ចំនួន​១២​នាក់​ដើម្បី​ក្លាយជា​យុវជន​ឆ្នើម​ប្រចាំ​ឆ្នាំ​២០១៤។

Content image - Phnom Penh Post

3.ចម្បាំង​ត្រជាក់​រវាង​អាមេរិក និង​ចិន ដោយ ហ្សង់ ហ្វ្រង់ស័រតាន់

សៀវភៅ​នេះ​លើក​ឡើង​ពី​ចំណុច​រឿងរ៉ាវ ដែល​មាន​ការ​ចាប់អារម្មណ៍​ខ្លាំង និង​ក្ដៅគគុក​នៅក្នុង​តំបន់​អាស៊ាន ដូចជា​បញ្ហា​ផ្ទៃក្នុង របស់​ប្រទេស​សមាជិក​អាស៊ាន​នីមួយៗ ក៏ដូចជា​ស្ថានការណ៍​នយោបាយ​ចុងក្រោយ នៅ​ប្រទេស​ថៃ​ដឹកនាំ​ដោយ​របប​យោធា បូករួម​ទាំង​បញ្ហា​សមុទ្រ ចិន​ខាង​ត្បូង និង​ការ​ប្រជែង​អំណាច​គ្នា រវាង​មហាអំណាច​ទាំង​ពីរ គឺ​អាមេរិក និង​ចិន​នៅក្នុង​តំបន់​នេះ ។

Content image - Phnom Penh Post

4.មាស​ស្រោប​នគរ ដោយ សេង តារា

ជា​សៀវភៅ​កម្រង​ប្រវត្តិ​ជីវិត កវីនិពន្ធ​ខ្មែរ​ល្បីៗ​ពី​អតីតកាល។

Content image - Phnom Penh Post

5.មហាយក្ស​ចិន ដោយ ហ្សង់ ហ្វ្រង់ស័រតាន់​សៀវភៅ​នេះ​ជា​កម្រង​អត្ថបទ​វិភាគ​ដែល​ចាក់ផ្សាយ​តាម​វិទ្យុ​បារាំង​អន្តរជាតិ RFI (Radio France Internationale) ក្នុង​កម្មវិធី «ភូមិសាស្ត្រ​នយោបាយ»។ នេះ​គឺជា​ការ​បោះពុម្ព​ផ្សាយ​លើក​ទី​២ ខណៈ​ការ​បោះពុម្ព​ផ្សាយ​លើក​ទី​១ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ឆ្នាំ​២០០៨ ដោយ​វិទ្យាស្ថាន​រៃយំ។

Content image - Phnom Penh Post

6.ឪពុក​អ្នកមាន​បង្រៀន​កូន ដោយ សយ សែ​(ប្រែសម្រួល)

លោក Robert T. Kiyo បង្រៀន​មនុស្ស​ឲ្យ​ក្លាយ​ជា​សេដ្ឋី ទើប​គាត់​មាន​រហស្សនាម​ថា «លោកគ្រូ​សេដ្ឋី»។ សៀវភៅ​នេះ នឹង​បង្ហាញ​ឲ្យ​ឃើញ​ថា ការ​ធ្វើការ​ដើម្បី​បាន​ប្រាក់បៀវត្សរ៍​ខ្ពស់ មិន​អាច​ជួយ​ឲ្យ​អ្នក​ក្លាយ​ជា​អ្នកមាន។ «ផ្ទះ» មិនមែន​ជា «ទ្រព្យសម្បត្តិ» សាលា​មិន​ដែល​បង្រៀន​ពី​រឿង​ហិរញ្ញវត្ថុ ដល់​កូន​របស់​អ្នក ភាព​ខុសប្លែក​គ្នា​រវាង​ពាក្យ​ថា «ទ្រព្យសម្បត្តិ» និង​«បំណុល»។ តើ​អ្នក​នឹង​បង្រៀន​កូន​ពី​របៀប​រកលុយ និង​វិធី​ដើម្បី​ទទួល​បាន​ភាព​ជោគជ័យ​ដោយ​របៀបណា?

Content image - Phnom Penh Post

7.យើង​ទៅ​ទស្សនា​ប្រាសាទ​អង្គរវត្ត និង​បាយ័ន ដោយ ស៊ុន ម៉េងហេង និង ហួត សារិទ្ធ

សៀវភៅ​នេះ​នឹង​នាំ​អ្នក​ទៅ​ទស្សនា ប្រាសាទ​អង្គរវត្ត មុន​នឹង​ទៅ​ប្រាសាទ​បាយ័ន ហើយ​នឹង​រ៉ាយរ៉ាប់​អំពី​ដំណើរ​តាម​ផ្លូវ ពី​ទ្វារ​ចូល ដែល​មាន​តោ និង​នាគថ្ម ព្រមទាំង​បរិយាយ​អំពី រឿងរ៉ាវ នៃ​ចម្លាក់​ផ្សេងៗ។

Content image - Phnom Penh Post

8.វីរជន និង​ប្រវត្តិសាស្ត្រ​កម្ពុជា ដោយ សាគូ សម្មុទ

ជា​ភាសាបារាំង សៀវភៅ​ចងក្រង​ពី​ប្រវត្តិសាស្ត្រ​កម្ពុជា ជាមួយ​នឹង​ប្រវត្តិរូប​វីរជន​ខ្មែរ និង​អ្នក​ដឹកនាំ ដូចជា ព្រះបាទ អង្គឌួង (១៧៩៦ – ១៨៦០) ញ៉ឹក ជូឡុង (១៩០៨ – ១៩៩៦)​ជាដើម។ មាន​រូបថត វីរជន នាយករដ្ឋមន្ត្រី​ខ្មែរ និង​ទង់ជាតិ​ខ្មែរ​ផង​ដែរ។

Content image - Phnom Penh Post

9.សិក្សា​អត្ថបទ​អក្សរសិល្ប៍​ខ្មែរ ដោយ គង់ សុខហេង

សម្រាប់​ថ្នាក់​មធ្យមសិក្សា​ចំណេះ​ទូទៅ​ស្រប​តាម​កម្មវិធី​សិក្សា​ថ្មី​របស់​ក្រសួង​អប់រំ សៀវភៅ​នេះ​ចងក្រង រឿងរ៉ាវ និង​កំណាព្យ អក្សរសិល្ប៍​ខ្មែរ ចំនួន ២៨ ដែល​មាន​ដូចជា រឿង​ទុំទាវ រឿង​ហង្សយន្ត កំណាព្យ មើល​ផែនដី​ខ្មែរ​ជាដើម។

Content image - Phnom Penh Post

10.សិល្បៈ​នយោបាយ ដោយ តេង ស៊ាវពីង ដកស្រង់ និង​រៀបរៀង​ដោយ ឌួង រតនា

អ្នកវិភាគ ក៏ដូចជា​អ្នក​នយោបាយ​ល្បីល្បាញ​ជាច្រើន​លើ​សកលលោក បាន​ចាត់ទុក តេង ស៊ាវពីង «ជា​រដ្ឋ​បុរស​ដែល​ទទួល​ជោគជ័យ​ច្រើន​បំផុត និង​ជា​អ្នក​សិល្បៈ​នយោបាយ ដែល​តែងតែ​បង្កើត​នូវ​ប្រៀប​ឈ្នះ​សម្រាប់​ខ្លួន​នៅ​គ្រប់​កាលៈទេសៈ»។ ស្នាដៃ​ជាច្រើន​របស់ តេង ស៊ាវពីង សម្រេច​បាន​ដោយសារ​សិល្បៈ​ដ៏ប៉ិនប្រសប់​បំផុត ដែល​គេ​មិន​អាច​រកឃើញ​ក្នុង​វណ្ណកម្ម​របស់​កាល់ម៉ាក់ ឡេនីន ឬ​គំនិត ម៉ៅ សេទុង ឡើយ៕

ប្រភព៖ postkhmer

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS