1 2 3
4 5 6 7

បច្ចេក​វិទ្យា​ចូល​ពេញ​ទំហឹង​ទំនាក់​ទំនង​ស្នេហា​រត់​ចេញ

_MG_9479

៧២​ភាគរយ​នៃ​អ្នកប្រើ​ស្មាតហ្វូន​តែង​​ដាក់ទូរស័ព្ទ​ជាប់ខ្លួន​ជានិច្ច ហើយ​​៣៣​ភាគរយតែង​ចុច​ទូរស័ព្ទ​ពេល​ណាត់​សង្សារ​ញ៉ាំ​បាយ​​។​ ហុង មិនា

តើ​ទំនាក់​ទំនង​របស់​យើង​នឹង​ទៅជា​យ៉ាង​ណា បើ​លោក​អ្នក​ព្យាយាម​​និយាយ​ប្រដែ​ប្រដៅ​កូន​ចៅ ពួកគេ​បែរ​ជា​នាំគ្នា​ចុច​ទូរស័ព្ទ​ធ្វើ​ព្រងើយ? ពួកគេ​ប្រាកដ​ជា​និយាយថា៖ «និយាយ​មក ខ្ញុំ​កំពុងតែ​ស្ដាប់»។ ប៉ុន្ដែ​តាម​ការពិត ពួកគេ​គ្មាន​យក​ចិត្ដ​ទុក​ដាក់​អ្វី​ទាំងអស់ ក្រៅ​ពី​រូបភាព​លើ​អេក្រង់​ដ៏​តូច​នោះ។

ទន្ទឹម​នឹង​នេះ ពេល​កំពុង​ទទួល​ទាន​អាហារ ភរិយា​ចង់​ចង​សម្ព័ន្ធ​ភាពល្អ​ជាមួយ​ស្វាមី ប៉ុន្ដែ​គាត់​នៅតែ​បន្ដ​វាស ម្រាមដៃ​លើ iPad ដោយ​មិន​ខ្វល់​ពី​ទំនាក់​ទំនង​ជាមួយ​ភរិយា។ បើទោះ​បី​ជា​គាត់​និយាយ​ថា «បាទ!» ទៅ​កាន់​ប្រពន្ធ​យ៉ាង​សុភាព​ក៏ដោយ ក៏​សំឡេង​ដ៏​ស្រទន់​នេះ​មិន​ផ្ដល់​ភាព​ស្និទ្ធស្នាល​ឡើយ។

ភរិយា​ប្រាកដ​ជា​មាន​អារម្មណ៍​មិន​ស្រណុក​ចិត្ដ​ចំពោះ​ទង្វើ​របស់​ស្វាមី ជា​ពិសេស មិន​ដឹង​ជា​គាត់​សរសេរ​ទៅកាន់​នារី​ណាខ្លះ​ជា​ញឹក​ញយ​នោះទេ។ អារម្មណ៍​មិន​ជឿ​ទុក​ចិត្ដ​កាន់​តែ​ពូន​គរ​ជា​ភ្នំ​ព្រះ​សុមេរុ ហើយ​មន្ទិល​សង្ស័យ និង​ការ​ព្រងើយ​កន្ដើយ​ចំពោះ​គ្នា​បាន​ចូល​មក​កាត់​ផ្ដាច់​ទំនាក់​ទំនង​ឲ្យ​ឃ្លាត​ឆ្ងាយ​ពី​គ្នា​បន្ដិច​ម្ដងៗ។

នៅ​ពេល​សម្ព័ន្ធ​ប្ដី​ប្រពន្ធ​កាន់​តែ​ឃ្លាត​ឆ្ងាយ​ទៅៗ យើង​នឹង​ភ្លេច​អស់​នូវ​ភាព​ផ្អែម​ល្ហែម​បែប​រ៉ូមេនទិក​ដែល​បាន​សាង​កន្លង​មក សូម្បី​ការ​ស្រង់​ក្លិន​ថ្ពាល់​ដ៏​ក្រអូប​ឈ្ងុយ​ប្រែ​ទៅជា​សោះ​អង្គើយ​ទៅវិញ។

យ៉ាងណាមិញ ការ​​ប្រើប្រាស់​ឧបករណ៍​បច្ចេកវិទ្យា​ទំនើប​ច្រើន​មិន​ត្រូវ​បាន​អ្នក​ឯកទេស​​ពិគ្រោះ​​យោបល់​ផ្នែក​ផ្លូវចិត្ត​ លោក ហឿ សេ​ធុល ដែល​មាន​បទពិសោធ​ការងារ​ ១០ ​ឆ្នាំ ​នោះ​ចាត់​ទុក​វា​​ជា​ជំងឺ​ផ្លូវ​ចិត្ដ​នោះទេ។

ដោយ​ធ្លាប់​បាន​ជួប​អតិថិជន​មាន​​វិបត្ដិ​ទាក់ទង​នឹង​ករណី​នេះ​លោក​បាន​ឲ្យ​ដឹង​ថា៖ «គ្រាន់​តែ​ប្រើ​ប្រាស់​ទូរស័ព្ទ​ទំនើប ដូច​ជា លេង​ហ្វេសប៊ុក អ៊ីមែល ហ្គេម និង​​អនឡាញ​ផ្សេងៗ វា​មិន​ប៉ះពាល់​ដល់​ផ្លូវ​ចិត្ដ​នោះ។ ប៉ុន្ដែ​បើ​​បុគ្គល​ម្នាក់​ចំណាយ​ពេល​ច្រើន​​ហួស​ហេតុ​ពេក វា​ប៉ះ​ពាល់​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​លើ​ទំនាក់​ទំនង​រវាង​ប្ដី​ប្រពន្ធ និង​ឈាន​ដល់​ផ្លូវ​ចិត្ដ​​ផងដែរ»។

អ្នក​ជំនាញ​រូបនេះ បាន​បន្ដថា នៅ​ពេល​នរណា​ម្នាក់​រវល់​តែ​ពី​រឿង​​ទូរស័ព្ទ ឬអ៊ីនធឺណិត​រាប់​ម៉ោង​​ក្នុង​មួយ​ថ្ងៃ បុគ្គល​នោះ​នឹង​បាត់​ទំនាក់​ទំនង​តទល់​ជាមួយ​ដៃគូ ដែល​ធ្វើ​ឲ្យ​មាន​ការ​សោះ​អង្គើយ ឈាន​ដល់​ជម្លោះ​ប្រេះឆា និង​ភេទ​សម្ព័ន្ធ​ថម​ថយ។

លោក​បាន​បន្ថែមថា៖ «ក្រៅពី​កត្ដា​ខាង​លើ សេដ្ឋកិច្ច​គ្រួសារ​ក៏​អាច​ប្រឈម​នឹង​វិបត្ដិ​ផងដែរ ដោយសារ​តែ​បុគ្គល​ជា​ស្វាមី ឬ​ភរិយា​​មិន​លៃ​លក​ពេល​វេលា​ដើម្បី​រក​ប្រាក់​កម្រៃ​បន្ថែម​មក​ផ្គត់​ផ្គង់​គ្រួសារ​»។

ពាក់ព័ន្ធ​នឹងការ​ប្រេះឆា​អំពី​មន្ទិល​សង្ស័យ​មាន​ក្នុង​ មាន​ក្រៅ លោក សេ​ធុល បាន​បន្ដថា នៅ​ពេល​យើង​ងប់ងុល​នឹង​អ៊ីនធឺណិត ឬ​បណ្ដាញ​សង្គម​ជាប្រចាំ យើង​នឹង​មាន​ឱកាស​ជួប​មនុស្ស​ថ្មីៗ​ដែល​​ចូលមក​ជ្រៀត​ជ្រែក​ទំនាក់​ទំនង​របស់​យើង​។​

លោក​បាន​លើក​ឡើង​ថា៖ «ដោយសារ​​អ្នក​ប្រើ​ប្រាស់​មិន​បាន​កំណត់​គោល​ដៅ​ឲ្យ​បាន​ច្បាស់​លាស់​រវាង​មិត្ដភាព និង​ស្នេហា ឬ​ភេទ​សម្ព័ន្ធ​ដែល​ធ្វើ​ឲ្យប្ដី​ប្រពន្ធ​ជួប​ការ​ប្រេះឆា​កើត​ចេញ​ជាការ​ប្រចណ្ឌ និង​ឈាន​ដល់​ការ​លែង​លះ»។

យោង​តាម​ការ​ប៉ាន់​ប្រមាណ​របស់ Social Media Plus នៃ​ភ្នាក់ងារ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម និង​ទី​ផ្សារ​លើ​បណ្ដាញ​សង្គម បាន​ឲ្យ​ដឹង​ថា អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ថ្មី​ម្នាក់​បាន​កើន​ឡើង​រៀង​រាល់​ ២ ​នាទី​ម្ដង​នៅ​កម្ពុជា ដែល​ជា​មធ្យម​ក្នុង​មួយ​ថ្ងៃ​មាន​អ្នក​បង្កើត​ហ្វេសប៊ុក​ថ្មី​ប្រមាណ​ ១១០០ នាក់។

ភ្នាក់ងារ​ដដែល​ក៏​បាន​បង្ហាញ​ថា ប្រជាជន​កម្ពុជា​ ២,៤៦ លាន​នាក់​បាន និង​កំពុង​ប្រើ​អ៊ីនធឺណិត​ក្នុង​ឆ្នាំ​២០១២ ដែល​បាន​កើន​ឡើង​ ៥៤៨ ​ភាគរយ​​បើ​ធៀប​នឹង​ឆ្នាំ​ ២០១១ ខណៈ​​មាន​គណនី​ហ្វេស​ប៊ុក​ជិត​ ៧៤ ​ម៉ឺន​ដោយ​មាន​ការ​កើន​ឡើង​ ៨២ ​ភាគរយ​ពីមួយ​ឆ្នាំ ទៅ​មួយ​ឆ្នាំ​។

ចំនួន​អ្នក​ប្រើ​ប្រាស់​អ៊ីនធឺណិត​យ៉ាង​សកម្ម​សរុប​នៅ​កម្ពុជា​បាន​ហក់​ដល់ ១,៤២ លាន​នាក់​រៀង​រាល់​ខែ។

អ្នកស្រី ដានីញែល អាដល័រ (Daniele Adler) ​ជាម​ន្ដ្រី​ទំនាក់ទំនង​សាធារណៈ និង​ប្រឹក្សា​​ផ្នែក​ទំនាក់​ទំនង​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ បាន​ឲ្យ​ដឹងថា ការ​ប្រើ​ទូរស័ព្ទ​ទំនើប​ភ្ជាប់​អ៊ីនធឺណិ​ត​នៅ​កម្ពុជា​បាន​កើន​ឡើង ២៣ ​ភាគរយ។ ប្រជាជន​​កម្ពុជា​ប្រមាណ​ ២,១ ​លាន​នាក់​បាន​ប្រើ​ប្រព័ន្ធ​​ទូរស័ព្ទ 3G ហើយ​ ១,១២ ​លាន​នាក់​បាន​ចុះ​ឈ្មោះ​លេង​ហ្វេស​ប៊ុក​ក្នុង​ឆ្នាំ ២០១៣។

គេហទំព័រ socialmediacambodia.com បាន​ចុះ​ផ្សាយ​​ថា ក្នុង​ចំណោម​អ្នក​ប្រើប្រាស់​ហ្វេស​ប៊ុកនៅ​កម្ពុជា ១,១២ លាន​គណនី អ្នក​ប្រើ​ជា​បុរស​មាន ៦២,៥ ​ភាគរយ និង ៣៧,៥​ ភាគរយ​ជាស្ត្រី​។

ក្រុម​អ្នកវិទ្យាសាស្ដ្រ​មកពី​សាកល​វិទ្យាល័យ​មីសស៊ូរី បាន​ធ្វើ​បទ​សម្ភាស​ជាមួយ​អ្នកលេង​ហ្វេស​ប៊ុក​រាប់​រយ​នាក់​អាយុ​ចាប់​ពី​ ១៨ ​ទៅ ​៨២ ​ឆ្នាំ ដែល​ដៃគូ (សង្សារ និង​ប្ដី​ប្រពន្ធ​) រស់នៅ​កាន់​តែ​លែង​យល់​ចិត្ដ​គ្នា សូម្បី​តែ​ក្មេងៗ​ក៏​​ព្រងើយ​កន្ដើយ​ចំពោះ​ឪពុក​ម្ដាយ និង​ជីដូន​ជីតា​នៅ​ពេល​ងប់​នឹង​​ទូរស័ព្ទ​ស្មាត​ហ្វូន​ទំនើប។

ការ​សិក្សា​បានបង្ហាញ​ថា ការ​ប្រើប្រាស់​អ៊ីនធឺណិត​លើ​ទូរស័ព្ទ​ដ៏​ងាយ​ប្រើ​ទាន់ចិត្ដ គូ​សេ្នហ៍​ផ្ដើម​ការ​ប្រចណ្ឌ​នាំ​ឲ្យ​ប្រេះឆា អំពើ​ការផិត​ក្បត់ និង​លែងលះ។

ការ​សិក្សា​មួយ​របស់ភ្នាក់ងារ​ Harris Interactive and Jumio ​បាន​បង្ហាញថា យុវជន​ ២០​ភាគរយ​នៅតែ​បន្ដ​ប្រើ​ទូរស័ព្ទ​អំឡុង​ពេល​រួមភេទ​។ ​នេះ​​បញ្ជាក់​ថា​ ទូរស័ព្ទ​ទំនើប​អាច​ទាញ​អារម្មណ៍​​អ្នក​ប្រើ​ឲ្យ​ដិត​ជាប់​ជានិច្ច ​ទោះបី​ស្ថិត​ក្នុង​កាលៈ​ទេសៈ​ណាក៏ដោយ​។

លោក​ ហឿ​ សេធុល ​បាន​សំណូមពរ​ឲ្យ​គូ​ស្វាមីភរិយា​ទាំង​អស់​ងាក​មក​គិតគូរ​ឡើង​វិញ​អំពី​ការ​ចំណាយ​​ពេលវេលា​ទៅ​លើការ​ប្រើ​ប្រាស់​ទូរស័ព្ទ ឬ​ថេប្ល៊ិត​ដោយ​ភ្លេច​ពី​ទំនាក់​ទំនង​ប្រចាំ​ថ្ងៃ​ដ៏​ចាំបាច់​។ ​

លោក​បាន​ពន្យល់ថា​ យោងតាម​ការសិក្សា​ស្រាវ​ជ្រាវ និង​ការ​ទទួល​ពិគ្រោះ​យោបល់​ជាមួយ​អតិថិជន​បាន​បង្ហាញ​ថា ទំនាស់​ក្នុង​គ្រួសារ​ដែល​កើត​ឡើង​ពី​គ្រឿង​បច្ចេកវិទ្យា​មាន​ការ​កើន​ឡើង​ច្រើន​។​

អ្នកជំនាញ​បាន​បន្ដថា​៖ «​ខ្ញុំ​ឃើញ​ថា​ កើនឡើង ប៉ុន្ដែ​ខ្ញុំ​អត់​ហ៊ាន​​ថា​វា​កើន​ប៉ុនណា​ទេ​ព្រោះ​យើង​គ្មាន​តួលេខ​ច្បាស់លាស់​។ បើ​​ប្រៀបធៀប​ពី​មុន​មក​ដែល​បច្ចេក​វិទ្យា​អត់​ទាន់​ទំនើប​ ការ​ជ្រៀត​ជ្រែក​របស់​វា​ទៅលើ​ទំនាក់​ទំនង​ក្នុង​គ្រួសារ​មិន​ទាន់​មាន​ច្រើន​ទេ​។ វា​សម្បូរ​តែ​រឿង​ដើរ​ក្រៅ​ហូបចុក​ភ្លេច​ផ្ទះ​ប៉ុណ្ណោះ»​។

ដើម្បី​បញ្ចៀស​លទ្ធផល​សោកសៅ​អ្នក​ជំនាញ​ផ្ដល់​ប្រឹក្សា​ផ្នែក​ចិត្ត​សាស្ត្រ​រូប​នេះ​បាន​ណែនាំ​​ឲ្យ​ស្វាមីភរិយា​ទាំងអស់​រៀបចំ​គម្រោង​គ្រួសារ​​ ដែល​គិតគូរ​អំពី​ការ​ចំណាយ​ពេល​វេលា​ធ្វើ​អ្វី​មួយ ការ​ចំណាយ​ថវិកា ​និង​កិច្ចការ​ផ្សេងៗ​ឲ្យ​បាន​ច្បាស់​លាស់ ចៀស​វាង​​ការ​ចំណាយ​ពេល​វេលា​ច្រើន​ឥត​ប្រយោជន៍​ទៅលើ​​អ៊ីនធឺណិត​ទូរស័ព្ទ ឬ​ ថេប្ល៊ិត៕

ប្រភព៖ postkhmer

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS