1 2 3
4 5 6 7

ពេជ្រ អាវីហ្សា បញ្ឆេះ​ភ្លើង​ស្នេហ៍​ជា​មួយ​នឹង​បុរស​ទ្រព្យ​ស្តុក​អ្នក​ជំនួញ ធំ

20141230_21aតារា​សម្តែង​នាង​ពេជ្រ អាវីហ្សា។ សេត គឹមសឿន

ភ្នំពេញៈ តារាសម្តែង​ដែល​ដើម​ទ្រូង​មូល​ក្បំ​នាង ពេជ្រ អាវីហ្សា ដែល​ទទួល​ស្គាល់​ចំណង​ស្នេហ៍​ជា​មួយ​បុរស​ជា​អ្នក​ជំនួញ​ក្នុង​ស្រុក​មាឌ​ធំ ឈ្មោះ ហ៊ា ហេង ពេញៗ​មាត់​នោះ នាង​ក៏​បាន​ប្រាប់​ផង​ថា ហ៊ា ហេង ជា​សង្សារ​ថ្មី​ម្នាក់​នេះ ស្រឡាញ់​ក៏​ស្រឡាញ់​ខ្លាំង ហើយ​ក៏​ប្រចណ្ឌ​ខ្លាំង​ណាស់​ដែរ។

អម​ដោយ​សំណើច​បន្ទរ​ដ៏​កក្អិក​ហាក់​មាន​ចេតនា​បង្ហាញ​ឲ្យ​ដឹង​ថា​ កំពុង​ទទួល​បាន​អារម្មណ៍​ដ៏​កក់ក្តៅ​នឹង​ចំណង​ស្នេហ៍​ថ្មី​នេះ តារា​សម្តែង​ដែល​មាន​យីអ៊ុន​ធ្លាក់​ត្រូវ​ចោរ​លួច​រថយន្ត​ម៉ាក Lexus RX330 យក​ទៅ​បាត់​កាល​ពី​ពេល​ថ្មីៗ​នេះ នាង ពេជ្រ អាវីហ្សា ក៏​បាន​សារភាព​ថា ចំណង​ស្នេហ៍​ជា​មួយ​បុរស​មាឌ​ធំ ហ៊ា ហេង នេះ ទើប​នឹង​ដុះ​ពន្លក​នៅ​គ្រាដ៏​ខ្លី​ចុង​ក្រោយ​នេះ​ប៉ុណ្ណោះ។

អាវីហ្សា ប្រាប់​ថា៖ «ស្នេហា​ខ្ញុំ​ហ្នឹង ទើប​នឹង​កើត​ឡើង​រយៈ​ពេល​មួយ​ខែ​ហ្នឹង។ ប៉ុន្តែ​បើ​និយាយ​ពី​មិត្តភាព​ពួក​យើង​រាប់​អាន​គ្នា​នោះ​គឺ​មាន​រយៈ​ពេល​ប្រាំ​ឆ្នាំ​មក​ហើយ»។

លោក ហ៊ា ហេង និង​នាង ពេជ្រ អាវីហ្សា​​។

លោក ហ៊ា ហេង និង​នាង ពេជ្រ អាវីហ្សា​​។ រូបថត សហ​ការី

ស្រី​ស្រស់ ដែល​រមែង​បង្ហាញ​សម្រស់​ដើមទ្រូង​ដ៏​មូលក្បំ​សាច់​សខ្ចី​ល្ហក់​ធ្វើ​ឲ្យ​បុរសៗ​កួច​ខ្នាញ់​នាង ពេជ្រ អាវីហ្សា ប្រាប់​ថា៖ «បង ហេង គាត់​ស្រឡាញ់​ខ្ញុំ​ខ្លាំង​ណាស់​រាល់​ថ្ងៃ តែ​ជាមួយ​ការ​ស្រឡាញ់​នេះ ក៏​ធ្វើ​ឲ្យ​ខ្ញុំ​ព្រួយ​ចិត្ត​ដែរ​ហ្នឹង ព្រោះ​គាត់​ក៏​ប្រចណ្ឌ​ខ្ញុំ​ខ្លាំង​ណាស់​ដែរ។ ប៉ុន្តែ​គាត់​មិន​ដែល​និយាយ​ឲ្យ​ខ្ញុំ​ឈប់​ពី​សិល្បៈ​ទេ»។

បុរស​គូ​ស្នេហ៍​មាឌ​ធំ​ខ្មៅ​បន្តិច​ឈ្មោះ ហ៊ា ហេង ដែល​ អាវីហ្សា ទទួល​ស្គាល់​ថា ជា​សង្សារ​នោះ ត្រូវ​បាន​គេ​បង្ហើប​ថា ជា​អ្នក​មាន​ទ្រព្យ​ស្តុក មាន​សណ្ឋាគារ​ដ៏​ប្រណីត​មួយ​នៅ ខេត្ត​រតនគិរី ប៉ុន្តែ​ចំពោះ​ការ​លើក​ឡើង​នេះ ត្រូវ​បាន​ស្រី​ស្រស់ អាវីហ្សា បដិសេធ ដោយ​នាង​ប្រាប់​វិញ​ថា លោក ហេង ជា​អ្នក​នៅ​ភ្នំពេញ និង​ជា​អ្នក​ជំនួញ​ធម្មតា។ អាវីហ្សា អះអាង​ថា៖ «ខ្ញុំ​ស្គាល់​គាត់ ៥ ឆ្នាំ​ហើយ មិន​ដែល​ដឹង​ថា គាត់​ជា​ម្ចាស់​សណ្ឋាគារ​នៅ រតនគិរី ដូច​គេ​ថា នោះ​ទេ តែ​ខ្ញុំ​ដឹង​ថា គាត់​ជា​អ្នក​ជំនួញ​ធំគួរ​សម​ម្នាក់​នៅ​ភ្នំពេញ»។

ដ្បិត​តែ​ចំណង​ស្នេហ៍​តារាសម្តែង និង​អ្នក​ជំនួញ​ម្នាក់​នេះ ទើប​មាន​អាយុ​មួយ​ខែក្តី ប៉ុន្តែ​ត្រូវ​បាន​បុប្ផា​ស្រស់​ល្បី​មាន​សម្ផស្ស​ពី​ធម្មជាតិ​វ័យ​ជាង ២០​ឆ្នាំ រូប​នេះ​អះអាង​ថា ស្នេហា​នេះ​មិន​មាន​រនាំង​គ្រួសារ​ខាង​ណា​រារាំង​នោះ​ទេ។

អាវីហ្សា បាន​ប្រាប់​ថា៖ «កាល​ពី​ម្សិល​មិញ ថ្ងៃ ទី​២៨ ធ្នូ នេះ បង ហេង គាត់​បាន​នាំ​ខ្ញុំ​ទៅ​ញ៉ាំ​បាយ​ជាមួយ​នឹង​ម្តាយ​របស់​គាត់ ហើយ​មើល​ទៅ​ម្តាយ​គាត់ ក៏​មិន​ជំទាស់​នឹង​រឿង​នេះ​ដែរ។ ដូច​គ្នា​នឹង​ឪពុក​ម្តាយ​ខ្ញុំ​ដែរ គាត់​មិន​ថា អី​ទេ រឿង​នេះ​គាត់​សម្រេច​តាម​តែ​ខ្ញុំ»។

ពេល​សួរ​ថា មាន​គម្រោង​ភ្ជាប់​ពាក្យ ឬ​ក៏​ត្រៀម​ដឹក​ដៃ​គ្នា​ចូល​រោងការ​ពេល​ណា​នោះ អាវីហ្សា ប្រាប់​ថា រឿង​នេះ​ដូច​ជា​នៅ​ឆ្ងាយ​ណាស់ មិន​ទាន់​គិត​ដល់​ទេ ចាំ​មើល​ចិត្ត​គ្នា​បន្តិច​ទៀត​សិន៕

ប្រភព៖ postkhmer

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS