សិក្ខាសាលាមានការចូលរួមពីស្ថាប័នក្រសួង និងអង្គការ។ វុទ្ធី
ភ្នំពេញ: បើទោះជារបាយការណ៍បង្ហាញថា ចំនួនជនពិការ និងពិការភាពរបស់កុមារកម្ពុជាមានការធ្លាក់ចុះគួរឲ្យកត់សម្គាល់ ដោយនៅត្រឹមតែជាង២ភាគរយនៃចំនួនប្រជាពលរដ្ឋសរុបជាង១៥លាននាក់ក្តី ក៏អង្គការជនពិការអន្តរជាតិកម្ពុជានៅតែបង្ហាញការព្រួយបារម្ភពីភាពពិការរបស់ប្រជាជនកម្ពុជា ពិសេសទារកដែលងាយប្រឈមនឹងភាពពិការ ខណៈកម្មវិធីបង្ការការការពារពិការភាពកុមារកម្ពុជាទើបតែដាក់ឲ្យអនុវត្តចំនួនបីខេត្តនៅកម្ពុជានោះ។
ការស្រាវជ្រាវដដែលបានបង្ហាញទៀតថា កុមារ១០ភាគរយនៃចំនួនកុមារទាំងអស់នៅទូទាំងប្រទេស បានកើតបញ្ហាជំងឺពិការភាពដូចជា ជំងឺក្រិន ថ្លង់ ខ្សោយសតិបញ្ញា ភ្នែកមិនប្រក្រតី និងចលនាមិនប្រក្រតីផ្សេងទៀត។

ថ្លែងពីភាពពិការរបស់កុមារ ដែលបន្ទុកធ្ងន់ត្រូវធ្លាក់លើអាណាព្យាបាល និងសង្គមផងនោះ លោក ហ្ស៊ីល នូហ្ស៊ី(Gilles Nouzies) តំណាងអង្គការជនពិការអន្តរជាតិប្រចាំកម្ពុជាបានលើកឡើងថា៖ «ការផ្តល់សេវាត្រួតពិនិត្យសុខភាពកុមារដោយពុំរាប់បញ្ចូលទាំងការផ្តល់ថ្នាំបង្ការផ្សេងៗនេះកាន់តែបង្ការបាននូវអត្រាពិការភាពរបស់កុមារឲ្យមានប្រសិទ្ធភាពខ្ពស់»។
ក្នុងសិក្ខាសាលាជាតិស្តីពីគម្រោងថែទាំសុខភាព ដោយរួមបញ្ចូលការការពារ និងថែទាំព្យាបាលភាពពិការក្នុងកម្មវិធីសុខភាពមាតា និងទារក កាលពីថ្ងៃទី១១ ខែធ្នូកន្លងទៅថ្មីៗនេះក៏មានវត្តមានលោករដ្ឋមន្ត្រីក្រសួងសុខាភិបាល ម៉ម ប៊ុនហេង ចូលរួមផងដែរ។
លើកពីការយកចិត្តទុកដាក់ចំពោះសុខភាពកុមារ លោក ហ្ស៊ីល នូហ្ស៊ី បានទទូចថា វាជាការចាំបាច់ណាស់ដែលទារក និងកុមារត្រូវតាមដាន ដើម្បីរកឲ្យឃើញនូវភាពខ្សោយទាំងឡាយនៃសរីរាង្គកាយដើម្បីចូលរួមបង្ការបញ្ហាទាំងនោះដែលអាចបង្កឲ្យមានភាពពិការពេញមួយជីវិត។
តំណាងអង្គការជនពិការអន្តរជាតិប្រចាំកម្ពុជារូបនេះបានថ្លែងទៀតថា៖ «បញ្ហាពិការភាពត្រូវបានចាត់ទុកជាបន្ទុកធ្ងន់ធ្ងររបស់ក្រុមគ្រួសារ និងសង្គមជាតិ»។
ទោះជាយ៉ាងនេះក្តីសម្រាប់គម្រោងថែទាំសុខភាព ដោយរួមបញ្ចូលការការពារ និងថែទាំព្យាបាលភាពពិការក្នុងកម្មវិធីសុខភាពមាតា និងទារកក្នុងប្រទេសកម្ពុជានៅមិនទាន់ទូលំទូលាយនៅឡើយ ដោយទើបតែដាក់ឲ្យអនុវត្តនៅក្នុងខេត្តចំនួន៣ប៉ុណ្ណោះ។
លោក ហ្ស៊ីល នូហ្ស៊ី បានរៀបរាប់ពីតំបន់ដែលសព្វថ្ងៃបានអនុវត្តគម្រោងនេះថា៖ «មានតែនៅខេត្តសៀមរាប កំពត និងកំពង់ធំ»។
តាមការអះអាងរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាលថា ក្រសួងគ្រោងនឹងពង្រីកសេវាកម្មនេះ ឲ្យបាននៅទូទាំងប្រទេសនាពេលឆាប់ៗ បន្ទាប់ពីធ្វើការបណ្តុះបណ្តាលក្រុមគ្រូពេទ្យនិងឆ្មបជំនាញហើយនោះ។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា កម្មវិធីនេះនឹងត្រូវអនុវត្តនៅតាមមន្ទីរពេទ្យបង្អែក ឬមណ្ឌលសុខភាពដោយធ្វើការបណ្ដុះបណ្ដាលគ្រូពេទ្យជំនាញ និងអាណាព្យាបាលដើម្បីកំណត់អត្តសញ្ញាណនៃការវិវត្តរបស់កុមារចាប់ពីទារកទើបនឹងកើត រហូតដល់អាយុ៥ឆ្នាំ។
នៅពេលដែលរកឃើញនូវភាពមិនប្រក្រតីណាមួយកើតឡើងចំពោះទារក ឬកុមារនោះ ពួកគេនឹងត្រូវបញ្ជូនទៅកាន់សេវាកម្មថែទាំ និងព្យាបាលពីអ្នកឯកទេសភ្លាម៕
ប្រភព៖ postkhmer