1 2 3
4 5 6 7

ចន្ទន៍​ក្រស្នា​ខ្មែរ ​ផលិត​ក្លិន​ក្រអូប​ដ៏ថ្លៃ​ជាង​មាស ​កំពុង​ប្រឈម​នឹង​ការ​វិនាស

20141217_20aដំណើរការ​ចម្រាញ់​ចន្ទន៍ក្រស្នា​ឲ្យ​ទៅ​ជា​ប្រេង​ក្រអូប​នៅ​កម្ពុជា​។ ផា លីណា

ភ្នំពេញ: ពី​ខុនដូ​របស់​លោក​ក្នុង​ទីក្រុង​គូឡាឡាំពួ សហគ្រិន​ជនជាតិ​កាណាដា តាហា ស៊ីដ (Taha Syed) បាន​លក់​ចន្ទន៍​ក្រស្នា ដែល​ជា​រុក្ខជាតិ​មាន​ក្លិន​ក្រអូប​ឈ្ងុយ​សម្រាប់​ផលិត​ជា​ប្រេង​ខ្មៅ​ដ៏​មាន​តម្លៃ​បំផុត​ក្នុង​ពិភពលោក​។

បុរស​វ័យ​ ៣០​ ឆ្នាំ ដែល​ដំណើរការ​គេហទំព័រ AgarAura បាន​ថ្លែង​ថា​៖ «​វា​មាន​ធាតុផ្សំ​ម៉្យាង​ដែល​គេ​គិត​ថា​ជា​ចិត្ដសកម្ម ឬ​អ្វី​មួយ​ដែល​ប៉ះពាល់​ដល់​ផ្លូវចិត្ដ ព្រលឹង និង​អារម្មណ៍​របស់​អ្នក​ប្រើប្រាស់​ប្រេង​ចន្ទន៍​ក្រស្នា​»។

ចន្ទន៍​ក្រស្នា​បាន​មកពី​ដើមឈើ​ម្យ៉ាង​មាន​ជ័រខ្មៅ​នៅ​ប្រទេស​ឥណ្ឌា និង​អាស៊ីអាគ្នេយ៍​។ វា​បង្ក​កំណើត​ជា​ប្រព័ន្ធ​ការពារ​សម្រាប់​ប្រឆាំង​នឹង​ពពួក​ផ្សិត ហើយ​កម្ទេច​ឈើ​ល្អិតៗ​អាច​ដុត​សម្រាប់​ជំនួស​ធូប ឬ​ចម្រាញ់​ជា​ប្រេង​លាប​ខ្លួន​ដ៏ឈ្ងុយឈ្ងប់​។

ថ្វីដ្បិត​តែ​វា​ទទួល​បាន​ការ​ពេញនិយម​បំផុត​នៅ​ឈូងសមុទ្រ​ពែរ្ស​យ៉ាងណា​ក៏ដោយ ក៏​វិចិត្រករ​ចិន​ជួន​កាល​ប្រើ​ឈើ​ដ៏កម្រ​នេះ​ដើម្បី​ផលិត​ជា​សិប្បកម្ម​ប្រណីតៗ​ផង​ដែរ​។ សាសនា​និកាយ​ខ្លះ ដូចជា ស៊ូហ្វីស​មូស្លីម ក៏​ប្រើ​ចន្ទន៍​ក្រស្នា​សម្រាប់​ពិធី​សាសនា​របស់​ខ្លួន​ផង​ដែរ​។

សហគ្រិន តាហា ស៊ីដ នៅ​ខុនដូ ឯ​ទីក្រុង​គូឡាឡាំពួ។

សហគ្រិន តាហា ស៊ីដ នៅ​ខុនដូ ឯ​ទីក្រុង​គូឡាឡាំពួ។ រូបថត Bennett Murray

យ៉ាងណា​មិញ វា​មាន​រយៈពេល​២​ឆ្នាំ​កន្លងមក​ហើយ ចាប់​តាំងពី​លោក ស៊ីដ លក់​ប្រេង​រុក្ខជាតិ​នេះ​។ លោក​បាន​និយាយ​ថា រុក្ខជាតិ​ចន្ទន៍​ក្រស្នា​មកពី​ប្រទេស​នានា​មិន​មាន​តម្លៃ​ដូច​នៅ​ចន្ទន៍​ក្រស្នា​នៅ​កម្ពុជា​ទេ​។

ការ​កាប់​ដើមឈើ​ប្រភេទ​នេះ​គឺជា​ទង្វើ​ខុស​ច្បាប់​នៅក្នុង​តំបន់​អភិរក្ស​ស្ថិត​ក្រោម​ច្បាប់​ព្រៃឈើ​កម្ពុជា ខណៈ​ដើមឈើ​នៅ​តំបន់​ផ្សេង និង​ការ​ដាំដុះ​ដោយ​ខ្លួនឯង​គឺជា​ទង្វើ​ស្របច្បាប់​។

លោក Joel Jurgens ជា​នាយក​គម្រោង​នៃ​អង្គការ​ព្រៃឈើ និង​សត្វព្រៃ​អន្ដរជាតិ បាន​និយាយ​ថា រុក្ខជាតិ​នេះ​បាន​សាបសូន្យ​ពី​កម្ពុជា​ហើយ​។

លោក​បាន​ឲ្យ​ដឹង​ថា​៖ «​បើ​យើង​និយាយ​ពី​ព្រៃឈើ​ធម្មជាតិ វា​នៅ​មាន​តិចតួច​ណាស់​»។

លោក​បាន​បន្ថែម​ថា វិធី​ល្អ​បំផុត​ក្នុង​ការ​អភិរក្ស​គឺ​លើក​ទឹកចិត្ដ​ឲ្យ​អ្នក​ជួញដូរ​រក្សា​ទុក​ពូជ​រុក្ខជាតិ​ចន្ទន៍​ក្រស្នា​នេះ​ដាំ​នៅ​កសិដ្ឋាន​ប្រមូលផល​ជំនួស​ឲ្យ​ការ​កាប់​រុក្ខជាតិ​ព្រៃភ្នំ​។

យ៉ាងណា​មិញ លោក ស៊ីដ បាន​និយាយ​ថា ដើម​ចន្ទន៍​ក្រស្នា​ទំនង​ជា​នៅ​មាន​ខ្លះ​ក្នុង​ទឹកដី​កម្ពុជា​។

លោក​បាន​លើក​ឡើង​ថា​៖ «​ស្ថិតិ​បង្ហាញ​ថា រុក្ខជាតិ​ប្រភេទ​នេះ​បាន​ផុត​ពូជ​ទៅ​ហើយ ប៉ុន្ដែ​ជា​រឿយៗ រៀងរាល់ ​២ ​ឆ្នាំ​ម្ដង ឬ​រយៈពេល​ប្រហាក់ប្រហែល​នោះ ឈើព្រៃ​ប្រភេទ​នេះ​នឹង​ត្រូវ​ប្រទះ​ឃើញ​»។

លោក​បាន​បន្ថែម​ថា​៖ «​បើ​ធ្វើបុណ្យ​ល្អ ចេញ​ភ្លាម នឹង​ក្លាយ​ជា​មហាសេដ្ឋី​ភ្លែត​តែ​មួយ​យប់​ប៉ុណ្ណោះ​ដោយ​មាន​បាន​ទាំង​តកូន​តចៅ​»។

លោក អាមេដ ស៊ីរុល (Ahmad Syehrul) ជនជាតិ​ កម្ពុជា-ម៉ាឡេស៊ី ដែល​ហៅ​ខ្លួនឯង​ថា​ជា​អ្នក​ប្រមាញ់​ចន្ទន៍​ក្រស្នា ចាត់ទុក​ផលិតផល​ក្នុង​ទឹកដី​កម្ពុជា​មាន​តម្លៃ​ខ្ពស់​ជាង​អ្វី​ដែល​លោក​ខំ​រុករក​ក្នុង​ដី​ម៉ាឡេស៊ី​ឆ្ងាយ​ណាស់​។ ថ្វីដ្បិត​តែ​លោក អាមេដ កើត និង​រស់នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​យ៉ាងណា​ក៏ដោយ ក៏​ឪពុក និង​ជីតា​របស់​លោក​បាន​ផ្ទេរ​អាជីព​នេះ​ឲ្យ​លោក​ក្រោយពី​រត់​ភៀស​ខ្លួន​ពី​ខេត្ដ​កោះកុង​ក្នុង​របប​ខ្មែរ​ក្រហម​។

បុរស​វ័យ​៣០​ឆ្នាំ​រូប​នេះ បាន​បន្ដ​ថា​៖ «​វា​ផ្ដល់​ឲ្យ​អ្នក​នូវ​ក្លិន​ក្រអូប​ឈ្ងុយ ហើយ​វា​តោង​ជាប់​ស្បែក​របស់​អ្នក​បង្កើត​ជា​ក្លិន​ប្រហើរ​នៅពេល​អ្នក​លាប​ប្រេង​របស់​វា​»។

លោក តេង ប៊ុនលី អ្នក​នាំ​ចេញ​ផលិតផល​ចន្ទន៍​ក្រស្នា​មូលដ្ឋាន​នៅ​ភ្នំពេញ បាន​និយាយ​ថា ចន្ទន៍​ក្រស្នា​ធម្មជាតិ​ក៏​មាន​តម្លៃ​ខ្ពស់​ជាង​ផលិតផល​ឈើ​នៅ​ប្រទេស​ដទៃ​ទៀត​។

លោក ប៊ុនលី ដែល​ថា ផលិតផល​របស់​លោក​ជាវ​ពី​កសិករ​ខេត្ដ​កោះកុង និង​មិន​ស្ថិត​ក្នុង​តំបន់​អភិរក្ស​ក្នុង​ខេត្ដ​ពោធិ៍សាត់ បាន​បន្ថែម​ថា​៖ «​រុក្ខជាតិ​ព្រៃ​មាន​ដើម​ល្អ មាំ និង​ចំណាស់​ជាង​រុក្ខជាតិ​ដែល​យើង​ដាំ​»។

លោក អាមេដ បាន​បង្ហើប​ប្រាប់​ពី​វេលា​ដែល​ត្រូវ​រំលំ​ឈើ​ប្រភេទ​នេះ​ថា អាយុកាល​ដើម​ចន្ទន៍​ក្រស្នា​អាច​ត្រូវ​បាន​ប៉ាន់ស្មាន​យ៉ាង​ត្រឹមត្រូវ​តាមរយៈ​ការ​ពិនិត្យ​សម្បុរ​ស្លឹក វត្ដមាន​របស់​សត្វល្អិត ជាដើម។

លោក​បាន​បញ្ជាក់​ថា​៖ «​បើ​យើង​ឃើញ​ដើមឈើ​ទាំងនេះ​នៅ​ក្មេង​ខ្ចី​ពេក យើង​គួរ​តែ​កុំ​ពាល់​វា​»។

លោក​រុករក​ដើមឈើ​ណា​ដែល​មាន​អាយុ​យ៉ាង​តិច​៦០​ឆ្នាំ​ដែល​ឈើ​កាន់តែ​ចាស់ វា​កាន់តែ​មាន​គុណភាព​ខ្ពស់​។

ប៉ុន្ដែ​លោក ស៊ីដ បាន​អះអាង​ថា ទីផ្សារ​សម្បូរ​ទៅ​ដោយ​ចន្ទន៍ក្រស្នា​មកពី​ប្រភព​ខុសច្បាប់​។ ខណៈ​លោក​និយាយ​ថា លោក​នឹង​ធ្វើ​ដំណើរ​មក​កាន់​ប្រទេស​កម្ពុជា​ដើម្បី​ស្វែងរក​ឈើ​ដែល​ត្រូវ​បាន​អនុញ្ញាត​តាម​ច្បាប់ ក្ដីបារម្ភ​របស់​លោក​ទៅលើ​ជោគវាសនា​ព្រៃឈើ​ដទៃ​បាន​បង្អាក់​លោក​ពី​ការ​ផ្ដួលរំលំ​កាលពី​ប៉ុន្មាន​ឆ្នាំ​នេះ​។

ដោយសារ​តែ​ពិបាក​បែងចែក​ថា​តើ​ទិញ​ចន្ទន៍​ក្រស្នា​ពី​កន្លែង​ណា​ទើប​ស្រប​ច្បាប់​នោះ លោក​បាន​បន្ថែម​ថា៖ «​ខ្ញុំ​ពិតជា​ជួប​ការ​លំបាក​ក្នុង​ការ​ទិញ​ផលិតផល​ពី​កម្ពុជា​ណាស់​។ ខ្ញុំ​ពិតជា​ទាល់​ចំណេះ​ហើយ​»៕

ប្រភព៖ postkhmer

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS