លោក លី សាលីន បានផ្លាស់ប្តូរលំនៅឋានពីភ្នំពេញ ទៅខេត្តកំពង់ឆ្នាំង ដោយបានបញ្ចប់មធ្យមសិក្សានៅទីនោះក្នុងឆ្នាំ ២០០៣។ ក្រោយមកសាលីន ត្រឡប់មកទីក្រុងភ្នំពេញវិញ ដើម្បីមកសិក្សានៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្តនិងវិទ្យាសាស្រ្តសេដ្ឋកិច្ច និងសាកលវិទ្យាល័យន័រតុន ក្នុងពេលដំណាលគ្នា។
បន្ទាប់ពីបញ្ចប់ការសិក្សាភ្លាម សាលីន បានធ្វើការឲ្យក្រុមហ៊ុនទេសចរណ៍មួយជាអ្នក operation executive នៅខេត្ត សៀមរាប។ក្នុងរយៈពេលត្រឹមតែ ៤ខែ សាលីន ត្រូវបានដំឡើងតំណែងជាអ្នកគ្រប់គ្រងផ្នែកលក់។
ដោយការងារនោះ មានការរវល់ច្រើន ហើយមិនមែនជាចំណង់ចំណូលចិត្តផងនោះ សាលីន បានសម្រេចចិត្តឈប់ពីការងារនោះ ហើយនៅដើមឆ្នាំ ២០០៨ ក្រោយមកសាលីន ក៏ចាប់ផ្តើមចូលធ្វើការ នៅធនាគារ អេអិនហ្សិត (ANZ) វិញ។
ដំបូងឡើយ តំណែងរបស់លោកគឺត្រឹមតែជាអ្នកផ្តល់សេវាកម្មទៅអតិថិជនតែប៉ុណ្ណោះ។ មិនបានមួយឆ្នាំផង សាលីនត្រូវបានដំឡើងតំណែងជាអ្នកវិភាគផ្នែកហិរញ្ញវត្ថុជាន់ខ្ពស់។
ក្រោយមកទៀត លោកក៏បានវិវឌ្ឍខ្លួនចាប់យកតំណែងថ្មីមួយទៀត ដែលខ្ពស់ជាងតំណែងពីមុន។ ពេលនោះលោកធ្វើការក្នុងតំណែងជា Business Performance Manager នៅធនាគារ May Bank។
ជាមួយនឹងទឹកមុខញញឹមតិចៗ សាលីនបានបញ្ជាក់ថា ការផ្លាស់ប្តូរការងារពីមួយទៅមួយគឺមិនមែនជារឿងមិនល្អនោះទេ សំខាន់គឺការបង្កើតឱកាសឲ្យខ្លួនឯងបានស្គាល់អ្វីថ្មីៗ និងបានជួបជាមួយអ្នក Business ឲ្យបានច្រើន ជាជាងធ្វើការនៅមួយកន្លែង។
បើតាមការសាកសួរសំណួរថា តើលោកមានគន្លឹះអ្វីខ្លះក្នុងការទទួលបានតំណែងការងារបានឆាប់រហ័ស ក្នុងរយៈពេលដ៏ខ្លីនេះ សាលីន ក៏បាន រៀបរាប់ពីគន្លឹះចំនួន ៥ចំណុច។
ចំណុចទីមួយគឺ ការខិតខំប្រឹងប្រែងធ្វើការ (Hard Working) មិនសម្រាប់តែខ្លួនឯង តែសម្រាប់ការងារក្រុមទាំងមូល (Team Work)។ សម្រាប់សាលីន ការធ្វើការ ១០០ ភាគរយ គឺមិនទាន់គ្រប់គ្រាន់ឡើយ គឺលោកតែងតែបូក១ភាគរយទៀត។ នោះមានន័យថា ១០០ ភាគរយគឺជា ការងារដែលលោកខំធ្វើឲ្យអស់ពីសមត្ថភាព គួបផ្សំនឹងការងាររបស់ក្រុមការងាររបស់លោក។
ចំណុចទីពីរគឺ ការបង្កើតទំនុកចិត្តទៅដល់ថ្នាក់លើ មានន័យថា រាល់បញ្ហាឬទិន្នន័យរបស់ក្រុមហ៊ុន ឬបញ្ហាដែលទាក់ទងនឹងក្រុមហ៊ុន យើងត្រូវតែដឹង។
ចំណុចទីបី គឺទំនាក់ទំនងនៅក្នុងក្រុមហ៊ុន។ យើងត្រូវដឹងថាទំនាក់ទំនងមិនមែនអាចធ្វើទៅបានគ្រប់កាលៈទេសៈបាននោះទេ។ ជាពិសេស ទំនាក់ទំនងដែលត្រូវមើលថានរណាមានឋានៈអ្វី មកពីណា ដូច្នេះត្រូវមានការត្រៀមទុកជាមុនសិន មុននឹងឈានដល់ការទាក់ទងជាមួយនរណាម្នាក់។
ចំណុចទីបួន គឺ ការចេះសួរពីឱកាស មានន័យថា បើសិនអ្នកមើលឃើញឱកាសណាដែលល្អ ហើយគិតថាអ្នកអាចទៅរួច អ្នកគួរតែហ៊ានសួរទៅថ្នាក់ដឹកនាំរបស់អ្នក ហើយបង្ហាញពីភាពជឿជាក់លើការងារថ្មី។
ក្នុងចំណុចនេះលោកបានលើកឧទាហរណ៍ថា៖ «បើយើងមានចម្ងល់ យើងត្រូវតែសួរ បើគិតថាជា (Stupid question) ក៏ដោយ ប៉ុន្តែ អ្វីដែលអ្នកទទួលបានគឺបានដឹង បានចេះ បានឱកាសជាដើម»។
រីឯចំណុចចុងក្រោយវិញ គឺ រៀនពីទមា្លប់ល្អរបស់ថ្នាក់ដឹកនាំ ជាពិសេសថ្នាក់ដឹកនាំក្នុងក្រុមហ៊ុនដែលអ្នកកំពុងធ្វើការ។
ក្រៅពីគន្លឹះទាំងប្រាំខាងលើ សាលីន បានផ្តល់ជាមតិទៀតថា៖ «យុវវ័យខ្មែរត្រូវតែឧស្សាហ៍អានសៀវភៅឲ្យបានច្រើន ព្រោះការអានច្រើនគឺបង្កើត ចំណេះដឹងទូទៅ បានកាន់តែច្រើនដូចគ្នា»។
ជាការពិតណាស់ការសិក្សាគឺគ្មានទីបញ្ចប់ឡើយ។ នៅប៉ុន្មានខែខាងមុខនេះ សាលីន នឹងទៅបន្តការសិក្សាថ្នាក់អនុបណ្ឌិត នៅប្រទេស New Zealand។
លោកពោលថា៖ «ខ្ញុំចង់បន្តការសិក្សារបស់ខ្ញុំថែមទៀត ព្រោះខ្ញុំគិតថា នៅពេលខាងមុខ អាស៊ាន នឹងវាយលុកទីផ្សារការងារកាន់តែច្រើន ដូចច្នេះ ខ្ញុំចង់បង្កើនចំណេះដឹងរបស់ខ្ញុំឲ្យរឹងមាំ ទើបងាយស្រួលក្នុងការប្រកួតប្រជែងការងារក្នុងតំណែងធំៗបន្តទៀតបានក្នុងសង្គមការងារ»៕
ប្រភព៖ postkhmer