1 2 3
4 5 6 7

សំណើច រឿង៖ ខ្ញុំត្រូវតែសងសឹក!

bounty-cartoon

សុវណ្ណ ដើរចូលទៅកាន់រានលក់នំបញ្ចុកមួយ ហើយអង្គុយស្រួលបួល និងប្រាប់អ្នកលក់​ឱ្យដាក់នំបញ្ចុកមួយចាន ដោយអាការៈស្រេកឃ្លាន។

ស្រីអ្នកលក់ សម្លឹងមើលសុវណ្ណតាំងពីចម្លាយ លុះសុវណ្ណចូលទៅអង្គុយពីមុខស្គាល់ច្បាស់ហើយ ក៏នឹកគិតក្នុងចិត្តភ្លាមថា៖

<<ហ៊ី អញរកមុខអាមេឃាតករនេះយូរហើយ វាអាក្រក់ ចិត្តសាហាវឃោរឃៅណាស់ អញត្រូវតែសម្លាប់វា ដើម្បីសងសឹក​ឱ្យស្រីរងគ្រោះនោះ! ហ៊ី អញត្រូវតែដាក់ថ្នាំបំពុលលាយក្នុងនំបញ្ចុកឱ្យអ្ហែងស៊ី ឱ្យស្លាប់ក្នុងពេលនេះ កុំឱ្យរស់បានតទៅទៀត អញក្តៅណាស់!>>

គិតបណ្តើរស្រីអ្នកលក់ក៏ចាប់ល្បោយ និងនំបញ្ចុកដាក់ក្នុងចានភ្លាម ហើយផ្លៀតឱកាសដែលសុវណ្ណរវល់តែបែរមុខទៅម្ខាងនាងក៏បន្លំលួចដាក់ថ្នាំបំពុលកណ្តុរ ដែលនាងទិញទុកសម្រាប់បំពុលកណ្តុរនៅផ្ទះ ទៅក្នុងទឹកសម្លរនំ ដែលដួលដាក់តាមក្រោយ។

សុវណ្ណ ដែលមិនដឹងពីអាថ៌កំបាំងនេះ ក៏ច្របល់នំបញ្ចុកកាយនឹងចង្កឹះចាប់ស៊ីជាបន្ទាន់ ប៉ុន្តែមិនបានប៉ុន្មានផង ក៏ប្រកាច់បែបពពុះមាត់ស្គុល ផ្អើលដល់អ្នកជិតខាង និងប៉ូលិស ដឹកយកទៅមន្ទីរពេទ្យឥតបង្អង់។

បន្ទាប់ពីសង្គ្រោះជីវិតរួច ត្រូពេទ្យបានប្រាប់សុវណ្ណថា គេពិតជាត្រូវថ្នាំបំពុលរបស់ស្រីលក់នំបញ្ចុកនោះ ទើបប៉ូលិសបានចាប់ស្រីអ្នកលក់យកទៅសួរចម្លើយភ្លាម៖

<<ខ្ញុំមិនប្រកែកទេ គឺខ្ញុំជាអ្នកដាក់ថ្នាំកណ្តុរបំពុលគេហ្នឹងមែន ព្រោះខ្ញុំស្អប់គេណាស់!>>

<<ម៉េចក៏មីងស្អប់គេដល់ថ្នាក់នេះ តើគេមានធ្វើអ្វីដល់មីង និយាយឱ្យច្បាស់មើល៍!>>

<<គេមិនធ្វើអ្វីដល់ខ្ញុំមែន តែគេបានប្រើពេជ្ឈឃាតកាត់ក្បាលស្រីនោះ យ៉ាងកំណាចឃោរឃៅពន់ប្រមាណ! ហេតុហ្នឹងហើយបានជាខ្ញុំ ឈឺចាប់មកសងសឹកឱ្យស្រីកំសត់នោះ!>>

ឮដូច្នោះ ប៉ូលិសក៏បែរទៅសួរសុវណ្ណថា៖

<<តើអ្នកឯង មានបញ្ជាឱ្យគេសម្លាប់ស្រីមានទម្ងន់ ដូចពាក្យគេចោទនេះមែនទេ?>>

សុវណ្ណ ធ្វើក្បាលងេងើ នឹងខំប្រកែក៖

<<ទេ! ម៉េចមកចោទប្រកាន់ខ្ញុំផ្តេសផ្តាស់យ៉ាងនេះ ខ្ញុំមិនដែលប្រើពេជ្ឈឃាតឱ្យទៅសម្លាប់អ្នកណានោះទេ ហើយខ្ញុំមិនយល់ថា គាត់និយាយពីរឿងអីផង?>>

ស្រីលក់នំបញ្ចុក នៅតែបញ្ជាក់ម៉ឺងម៉ាត់មកទៀត៖

<<ម៉េចនៅខំប្រកែកទៀត យប់មិុញអ្នកឯងបានប្រើពេជ្ឈឃាតឱ្យទៅសម្លាប់នាងព្រា្មកេសរណា៎! អាងតែខ្លួនជាស្តេចមានអំណាច ចង់សម្លាប់អ្នកណាក៏បាន ស្រេចតែនឹងក្បាលចិត្តគ្មានគិតរកយុត្តិធម៌អីសោះ!>>

ម្តងនេះ ទើបប៉ូលិសបែរទៅសម្លឹងមុខសុវណ្ណ ហើយសុវណ្ណក៏លាន់មាត់ របៀបដូចមនុស្សភ្ញាក់ពីយល់សុបិនថា៖

<<អូ៎! បើគាត់និយាយដូច្នោះ ខ្ញុំនឹកឃើញហើយ គឺយប់ម៉ិញខ្ញុំលេងល្ខោន ដើរតួជាស្តេចមែន គឺតួព្រះលក្សិណវង្ស ហើយត្រូវត្រង់ឆាក ព្រលក្សិណវង្សប្រើពេជ្ឈឃាតឱ្យទៅចាប់ព្រាហ្មកេសរយកទៅប្រហារជីវិត!! តែនោះជារឿងល្ខោនទេតើ ម៉េចក៏មីងលក់នំបញ្ចុកនេះគាត់ខឹង ហើយស្អប់រហូតដល់ចង់ស្លាប់ខ្ញុំទៅវិញ?>>

ប៉ូលិសលាន់មាត់៖

<<អ៊ើ មកពីឯងដើរតួតិច្ចអាក្រក់ពេក! បានជាគាត់ចងគំនុំ!>>

ប្រភព៖ រឿងកំប្លែងស្ងួត

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS