1 2 3
4 5 6 7

សំណើច រឿង៖ បើមិនចង់និយាយ ច្រៀងក៏បានដែរ!

KcnK6Locq

ភិរម្យ ដែលធ្វើជាអ្នកយកព័ត៌មានឱ្យកាសែតនៅភ្នំពេញ បានទទួលព័ត៌មានថា ម្តាយមីងរបស់គេ ដែលនៅឯខេត្តកំពង់ស្ពឺ ត្រូវចោរចូលប្លន់ផ្ទះ និងចាប់រំលោភធ្វើបានកូនក្រមុំ របស់គាត់ទៀតផង។

បានទទួលដំណឹងនេះភ្លាម ភិរម្យក៏បបួលសហការីគេម្នាក់ដែលជាអ្នកថតរូបប្រចាំអង្គការកាសែតនោះដែរ ហើយនាំគ្នាជិះម៉ូតូសំដៅទៅខេត្តកំពង់ស្ពឺ ជួបនឹងម្តាយមីងគេ ដែលកំពុងអង្គុយស្រងូតស្រងាត់នៅមុខផ្ទះ។

ភិរម្យ ក៏សួរទៅកាន់ម្តាយមីងគេជាបន្ទាន់៖

-<<អ្នកមីង! សូមអ្នកមីងរៀបរាប់ឱ្យអស់ម៉ោ តើពួកចោរនោះ វាចូលមកប្លន់អ្នកមីង និងរំលោភប្អូនស្រីខ្ញុំយ៉ាងណាខ្លះ ខ្ញុំនឹងយកទៅចុះកាសែត! ដោយឱ្យគេមកថតយករូបអ្នកមីងទៅផង!>>

ស្រីចំណាស់គ្រវីក្បាលតិចៗ ហើយឆ្លើយ៖

-<<ហ៊ឺ មីងឈឺចាប់ណាស់! មីងមិនចង់និយាយទេ!>>

ភិរម្យ តឿនបន្ថែម៖

-<<ខ្ញុំដឹងថា អ្នកមីងពិតជាឈឺចាប់ហើយ! ខ្ញុំក៏ឈឺចាប់ដែរ តែសូមអ្នកមីងរៀបរាប់មើល៎ តើពួកចោរនោះ វាមានគ្នាប៉ុន្មាននាក់ វាប្លន់របៀបយ៉ាងណាខ្លះទៅ អ្នកមីងមានចាំមុខវាបានខ្លះទេ?>>

ស្រីចំណាស់នៅតែគ្រវីក្បាលដោយថ្ងូរហ៊ឹស! ដដែល៖

-<<ពួកវាចំជាសាហាវណាស់! មីងមិនចង់និយាយទេ! នឹកឡើង វាអួលណែន!>>

ដោយឃើញកាយវិការស្រីរងគ្រោះ នៅតែកញ្ចុបកញ្ចូវមិនព្រមនិយាយពីរឿងចោរប្លន់ដូច្នោះ មិត្តរបស់ភិរម្យដែលជាអ្នកថតរូប ក៏ធ្លោយមាត់និយាយភ្លាមថា៖

-<<អ្នកមីង បើអ្នកមីងនិយាយមិនកើត ច្រៀងក៏បានដែរ! ពួកខ្ញុំអាចថតយកសម្លេងអ្នកមីង ទៅចាក់ផ្សាយក្នុងវិទ្យុអាស៊ីសេរី!>>

គ្រាន់តែឮប៉ុណ្ណឹង ម្តាយមីងភិរម្យក៏បើកភ្នែកធំៗ ហើយគំហកមកកាន់អ្នកកាសែតទំាងពីរភ្លាម៖

-<<ស្អី អញកើតទុក្ខប៉ុនភ្នំ ពួកឯងចង់មកឱ្យអញច្រៀង ទៅវិញ! យី! ពួកអាឡប់ៗ នេះ?>>

ភិរម្យ ក៏ប្រញាប់បញ្ជាក់ទៅវិញ៖

-<<អ្នកមីង កុំអាលខឹង យោបល់មិត្តខ្ញុំមិនខុសទេ! បើអ្នកមីងនិយាយមិនកើត គួរតែច្រៀងក៏បានដែរ! ព្រោះខ្ញុំធ្លាប់ឃើញគេលេងល្ខោន កាលណាគេកើតទុក្ខខ្លាំង និយាយមិនចេញ គឹគេស្រែកច្រៀងតែម្តង!>>

ម្តាយមីង ភិរម្យឮដូច្នោះ ក៏បញ្ឈរភ្នែកធ្វើស្លឺ៖

-<<មែន! តើអញអាចច្រៀង ដូចពួកវាថា កើតឬ?>>

ប្រភព៖ រឿងកំប្លែងស្ងួត

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS