1 2 3
4 5 6 7

ពិព័រណ៍​សិល្បៈ​កែច្នៃ​ពី​សំរាម​ស្នាដៃ​របស់​សិស្ស​សាលា​អន្តរជាតិ​ណ័រប្រ៊ីត

20141125_21a

ភ្នំពេញៈ សាលា​អន្តរជាតិ​ណ័រប្រ៊ីត កាលពី​ថ្ងៃ​ព្រហសត្បិ៍​ទី​២០ ខែ​វិច្ឆិកា​កន្លងមក បាន​រៀបចំ​ពិព័រណ៍​ស្នាដៃ​សិល្បៈ​កែច្នៃ​សម្ភារ​ពី​ក្រដាស​សំណល់​នានា ជា​លើក​ដំបូង​នៅឯ​សណ្ឋាគារ​អាំងទែរកុងទីណង់តាល់​។ សិល្បករ​វ័យក្មេង​ទាំងអស់​សុទ្ធតែ​ជា​សិស្ស​រៀន​ថ្នាក់​មត្តេយ្យ​រហូត​ដល់​ថ្នាក់​ទី​១២ ដែល​មាន​វ័យ​ចាប់ពី​៥​ឆ្នាំ​ដល់​១៨​ឆ្នាំ និង​ជា​សារ​ពញ្ញាក់​ស្មារតី​មួយ​បង្ហាញ​ពី​ការ​ការពារ និង​អភិរក្ស​បរិស្ថាន​នៅ​សហគមន៍​រាជធានី​ភ្នំពេញ។

Content image - Phnom Penh Post

កញ្ញា អាណា សូ្រដា គ្រូបង្រៀន​សិល្បៈ​នៃ​សាលា​អន្តរជាតិ​ណ័រប្រ៊ីត បាន​ឲ្យ​ដឹង​ថា៖ «ការ​យក​ស្នាដៃ​សិល្បៈ​កែច្នៃ​ពី​ក្រដាស​សំណល់​របស់​សិស្ស​ទាំងនេះ គឺ​ចង់​ឲ្យ​ពួកគេ​មាន​ឱកាស​បង្ហាញ​ស្នាដៃ​ផ្ទាល់​ខ្លួន​ពួកគេ និង​លក្ខណៈ​សាមគ្គី​ជា​ក្រុម​។ ម្យ៉ាង​ទៀត​ចង់​ឲ្យ​សាធារណជន​បាន​យល់ដឹង​នូវ​សារ​ដ៏សំខាន់​ស្តីពី​ការ​ការពារ​បរិស្ថាន​នៅ​សហគមន៍​រាជធានី​ភ្នំពេញ​ទាំង​ស្រុង​តែ​ម្តង»។

កញ្ញា​បាន​លើក​យក​ស្នាដៃ​ធ្វើ​ពី​ក្រដាស​សំរាម​មួយ​មក​ឆ្លុះបញ្ចាំង​ថា​៖ «ដូចជា ឈុត​សម្លៀកបំពាក់​ពី​ក្រដាស​សំរាម​នេះ​ជាដើម។ វា​មាន​ន័យ​ណាស់​ព្រោះ​វា​ជា​សារ​ផ្តល់​ការ​យល់ដឹង​មួយ​ដ៏សំខាន់​សម្រាប់​បង្ហាញ​ដល់​ប្រជាជន​ខ្មែរ​ឲ្យ​បាន​ជ្រាប​ថា សូម្បីតែ​សំរាម​ដែល​គេ​បោះ​ចោល​នោះ​ក៏​អាច​យក​មក​កែច្នៃ​ធ្វើ​ជា​ស្នាដៃ​សិល្បៈ​មាន​តម្លៃ​បាន និង​មាន​សោភណភាព​ទៀត​ផង»។

ស្នាដៃ​សិល្បៈ​កែច្នៃ​របស់​សិស្ស​ទាំងនេះ​មាន​ដូចជា សម្លៀកបំពាក់​បុរស និង​រ៉ូប​ស្រ្តី​ដ៏ស្រស់ស្អាត​មាន​ច្រើន​ម៉ូដ សណ្ឋាន​រូប​សត្វ​ដំរី សត្វ​ស្លាប និង​រូប​ផ្សេងៗ​ទៀត​ដែល​ជា​គំនិត​កែច្នៃ​ទៅ​តាម​ទេពកោសល្យ និង​គំនិត​របស់​សិស្ស​ម្នាក់ៗ។

អ្នកគ្រូ អាណា សូ្រដា បាន​បន្ត​ថា៖ «ដូច​នាង​ខ្ញុំ​បាន​ជម្រាប​ពី​ដើម​មក​អ៊ីចឹង​ថា សិស្សានុសិស្ស​ទាំងអស់​គួរ​តែ​មាន​ឱកាស​បង្ហាញ​សា្នដៃ​ខ្លួន​តាម​គំនិត​ពួកគេ និង​អាច​ចែករំលែក​នូវ​ការ​កែច្នៃ និង​ចៃ្នប្រឌិត​លើ​សិល្បៈ​នេះ​តាំងពី​ក្មេងវ័យ​។
យើង​ក៏​ត្រូវ​មាន​ការ​គាំទ្រ​ដល់​ពួកគេ​ដែរ ទើប​ពួក​គេ​អាច​មាន​ស្មារតី និង​ឆន្ទៈ​ចង់​បង្កើត​ស្នាដៃ​លើក​ក្រោយៗ​ទៀត»។

ក្នុង​នាម​ជា​គ្រូបង្រៀន និង​ថ្នាក់ដឹកនាំ​របស់​សាលា​អន្តរជាតិ​ណ័រប្រ៊ីត កញ្ញា អាណា សូ្រដា ក៏​បាន​កោតសរសើ​ចំពោះ​ស្នាដៃ​ទាំងនោះ​ដែរ​ថា៖ «យើង​មាន​ការ​ភ្ញាក់ផ្អើល​ណាស់​សម្រាប់​ស្នាដៃ​ពួកគេ​ដែល​បាន​បង្កើតឡើង ដោយ​ពួកគេ​ខិតខំ​រិះរក​វិធីសាស្រ្ត​បង្កើត​ស្នាដៃ​ដែល​បាន​ភ្ជាប់​ជាមួយ​នឹង​សារសំខាន់​ពាក់ព័ន្ធ​នឹង​ការ​ការពារ​បរិស្ថាន​»។

ដោយឡែក​នៅ​ខែ​មីនា ឆ្នាំ​២០១៥​ខាង​មុខ​នេះ ក្រុម​សិស្សានុសិស្ស​ពេញវ័យ​នៃ​សាលា​អន្តរជាតិ​ណ័រប្រ៊ីត​ក៏​មាន​គម្រោង​យក​សា្នដៃ​សិល្បៈ​កែច្នៃ​របស់​ខ្លួន​មក​តាំង​បង្ហាញ​ទៀត​ផង​ដែរ​៕

ប្រភព៖ postkhmer

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS