1 2 3
4 5 6 7

សំណើច រឿង៖ អ្នកលេងសៀក និងអ្នកមើលសៀក

khmer-famous

មានសៀកមួយក្រុម សម្តែងនៅលើឆាក បង្ហាញពីទេពកោសល្យដ៏ប៉ិនប្រសប់ប្លែកៗ ធ្វើឱ្យទស្សនិកជនដែលឈរប្រជ្រៀតគ្នាមើល ពីដីទៅ កោតសរសើរស្ងប់ស្ងែងក្រៃលែង។

ដោយអ្នកស្រុកភូមិនោះ មិនធ្លាប់ឃើញសៀកមកសម្តែងឱ្យមើលដោយមិនយកថ្លៃ ដូច្នោះ ក៏នាំគ្នាពពាក់ពពួន ប្រជ្រៀតគ្នាមើលគ្មានសណ្តាប់ធ្នាប់។ ជួនកាលខ្លះឡើងលើរបងវត្ត លើចេតិយ៍ លើដើមឈើ លៃយ៉ាងណាឱ្យតែបានឃើញសៀកនោះ ព្រោះមនុស្សច្រើនពេក បើឈរនៅទាបៗ មើលមិនឃើញ។

បន្ទាប់ពី សម្តែងអស់ឈុតឆាកផ្សេងៗ ច្រើនហើយ ម្តងនេះ ក្រុមសៀកក៏សម្តែងពីបុរសម្នាក់ ឡើងទៅអង្គុយបក់ផ្លិតលើចុងសសរមួយយ៉ាងខ្ពស់ ដោយមានមនុស្សច្រើនគ្នា ជាអ្នកជួយទប់សសរឱ្យឈរត្រង់។

ទស្សនិកជន​ ក៏ចាប់ផ្តើមស្រែកហ៊ោរកញ្រ្ជៀវ និងទះដៃលាន់ប្រាវៗ ដែលមើលមួយភ្លែតទៅ គេច្រឡំស្មានតែអ្នកទាំងនោះ ទះដៃស្រែកបន្ទរទៅឱ្យសិល្បករសៀក ដែលសម្តែងនៅលើឆាកនោះ។ តែតាមពិត គឺគេបែរជានាំគ្នាទះដៃហ៊ោរកញ្រ្ជៀវកោតសរសើរក្មេងជំទង់ម្នាក់ ដែលឡើងទៅអង្គុយលើសសរដងទង់យ៉ាងខ្ពស់ គឺប្រហែលពីរដងខ្ពស់ជាងសសរដែលក្រុងសៀកនោះសម្តែងទៅទៀត។ វាអង្គុយមើលដោយស៊ីអំពៅសាងបណ្តើរ គ្មានព្រួយខ្វល់ខ្លាចមានអ្នកណា មកឈរពាំងបាំងពីមុខវាទៀតឡើយ។

ឃើញដូច្នោះ ទស្សនិកជនទំាងអស់លែងមើលសៀក បែរជានាំគ្នាមើលទៅក្មេងជំទង់នោះព្រមគ្នាវិញ ព្រោះគេកំពុងនឹងឆ្ងល់ថា <<តើនរណាជាអ្នកលេងសៀក ដ៏ពូកែពិតប្រាកដ?>>៕

ប្រភព៖ រឿងកំប្លែងស្ងួត

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS